ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុននឹងក្លាយទៅជាប្រទេសទី៥ បញ្ជូនរ៉ូបូតទៅចុះចតនៅឋានព្រះចន្ទ

ចែករំលែក៖

កន្លងមកថ្មីៗ ឥណ្ឌាបានបញ្ជូនរ៉ូបូតទៅចុះចតនៅឋានព្រះចន្ទដោយជោគជ័យ ក្លាយជាប្រទេសទី៤ដែលឡើងទៅកាន់ឋានព្រះចន្ទ បន្ទាប់ពីអាមេរិក រុស្ស៊ី ចិន ។ នៅពេលនេះជប៉ុនក៏មានគម្រោងទៅកាន់ឋានព្រះចន្ទផងដែរ។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣នេះបានផ្សាយថា ទីភ្នាក់ងារអវកាសជប៉ុន បានសម្រេចផ្អាកជាបណ្តោះអាសន្នសិននូវគម្រោងបាញ់បង្ហោះគ្រាប់រ៉ុក្កែតអវកាសនាថ្ងៃចន្ទនេះ ដែលត្រូវនាំយកយានរ៉ូបូតមួយគ្រឿងទៅចុះចតលើផ្ទៃព្រះចន្ទ។
ក្រុមហ៊ុន Mitsubishi Heavy Industries (MHI) ដែលជាអ្នកធ្វើប្រតិបត្តិការរ៉ុក្កែតខាងលើ បាននិយាយថា ទោះបីជារ៉ុក្កែតH-IIA មានកម្រិតជោគជ័យដល់ទៅ៩៨ភាគរយនៃការបាញ់បង្ហោះក៏ដោយ ក៏ស្ថានភាពខ្យល់បក់ដែលមិនអំណោយផលនៅស្រទាប់បរិយាកាសផ្នែកខាងលើ បានបង្ខំឱ្យគម្រោងបាញ់បង្ហោះរ៉ុក្កែតនោះ ត្រូវផ្អាកជាបណ្តោះអាសន្នក្នុងរយៈពេលជិត៣០នាទី មុនពេលវេលាកំណត់ដែលត្រូវចេញដំណើរ។ ការបាញ់បង្ហោះគ្រាប់រ៉ុក្កែតនេះ គឺធ្លាប់ត្រូវបានពន្យារពេល២លើករួចហើយ ចាប់តាំងពីសប្តាហ៍មុន ខណៈកាលបរិច្ឆេទថ្មីមិនទាន់ត្រូវបានសម្រេចនៅឡើយទេ។
រ៉ុក្កែត H-IIA ផ្ទុកយាន SLIM ដែលនឹងត្រូវក្លាយជាយានរ៉ូបូតដំបូងបំផុតរបស់ជប៉ុន ដែលចុះចតនៅលើឋានព្រះចន្ទ។ ទីភ្នាក់ងារអវកាសជប៉ុន JAXA មានគោលដៅចាប់ផ្តើមចុះចតយាន SLIM ពីគន្លងក្បែរព្រះចន្ទ នៅចន្លោះខែមករា-កុម្ភៈ ឆ្នាំ២០២៤ ក្រោយការបាញ់បង្ហោះដែលត្រូវធ្វើឡើងនៅថ្ងៃចន្ទនេះ ដើម្បីដើរតាមភាពជោគជ័យនៃបេសកកម្មឋានព្រះចន្ទ Chandrayaan-3 របស់ឥណ្ឌា នាពេលថ្មីៗនេះ។ ដោយឡែក កាលពីខែមេសា ឆ្នាំនេះ យានរ៉ូបូតនៃបេសកកម្ម Hakuto-R Mission 1 របស់ក្រុមហ៊ុន ispace ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានទទួលបរាជ័យនៅពេលដែលវាធ្លាក់ទៅបុកលើផ្ទៃព្រះចន្ទពេញទំហឹង៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖