ព័ត៌មានទាន់ហេតុការណ៍៖

លោក ពុយ គា ៖ អ្នកសារព័ត៌មានរៀនការពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមបណ្តាញសង្គម

ចែករំលែក៖

ភ្នំពេញ ៖ អ្នកសារព័ត៌មានជិត១០០នាក់បានរៀនពីរបៀបការពារខ្លួនពីការវាយប្រហារ ការគំរាមគំហែងតាមអ៊ីនធឺណិត និងការបោកប្រាស់តាមបណ្តាញសង្គមដែលកំពុងកើតឡើងនៅជុំវិញពិភពលោក។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងនៅឯពិធីប្រគល់វិញ្ញាបនប័ត្រនាល្ងាចថ្ងៃព្រហស្បត៌នេះថា “នេះជាវគ្គ​បណ្តុះ​បណ្តាលសម្រាប់អ្នកសារ​ព័ត៌មាន​លើកទី២ហើយក្នុងរយៈពេលពីរខែ លើប្រធានបទ «ការប្រើប្រាស់​ប្រព័ន្ធទំនាក់​ទំនង​សង្គម​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និងសុវត្ថិភាព” ដោយផ្តោសំខាន់ទៅលើ “ហានិភ័យថ្មីៗ និងការគំរាមគំហែងតាមអ៊ីនធឺណិត, ចេះការពារសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត/ អ៊ីមែល និង​បណ្ដាញ​​​ព័ត៌មានសង្គម, ចេះការពារឯកជនភាព និងទិន្នន័យផ្ទាល់ខ្លួន និងចេះកាពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមអនឡាញ»។

វគ្គបណ្តុះបណ្តាលខាងលើត្រូវបានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាអ្នកផ្តល់ទីកន្លែង និងផ្តល់គ្រូឧទ្ទរសនាមជំនាញៗដើម្បីធានាថាក្រោយសិក្សាចប់នឹងយកទៅអនុវត្តបានដោយប្រសិទ្ធភាព។

លោក ពុយ គា បានថ្លែងថា «អ្នកសារព័ត៌មានប្រៀបបាននឹងកងទ័ពជួរមុខមួយក្នុងការប្រើប្រាស់បញ្តាញសង្គម ដូច្នេះអ្នកសារព័ត៌មានត្រូវមានចំណេះដឹងបន្ថែមក្នុងការការពារខ្លួន»។

ក្រៅពីជំនាញខាងលើ អ្នក​សារ​ព័ត៌មានក៏ត្រូវបានបំប៉ន​បន្ថែមលើចំណេះដឹងក្នុងការប្រើប្រាស់កម្មវិធីថត កាត់​ត​វីដេអូ​តាម​ទូរស័ព្ទដៃ ការEditរូបថត ដាក់ក្រេឌីតលើរូបថតដោយប្រើទូរស័ព្ទដៃ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ( Messenger, Telegram, What’s App ) ។ល។

លោក ពុយ គា បានវាយតម្លៃខ្ពស់ទៅលើក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ដែលលោកប្រៀបប្រដូចក្រសួងមួយនេះទៅនឹង «កូនក្រមុំដ៏ស្អាត» ដែលស្ថាប័នណាក៏ត្រូវការចង់នែបនិត្យជាមួយ ក្នុងការប្រតិបត្តិការងារឱ្យលឿនរហ័ស និងប្រកបដោយសុវត្ថិភាពនាសម័យឌីជីថល។

អ្នកសារព័ត៌មានដែលមានបំណងចង់បន្ថែមចំណេះដឹង និងជំនាញលើការប្រើប្រាស់​ប្រព័ន្ធទំនាក់​ទំនង​សង្គម​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និងសុវត្ថិភាព អាចទំនាក់ទំនងមកក្លិបអ្នកកាសែតកម្ពុជាដើម្បីក្លិបស្នើទៅលោករដ្ឋមន្រ្តីក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ លោកបណ្ឌិត ជា វ៉ាន់ដេត ដើម្បីរៀបចំបើកវគ្គបណ្តុះបណ្តាលបន្តទៀតដោយឥតគិតថ្លៃ៕

ដោយ ៖ សហការី


ចែករំលែក៖