ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណី លួច និងទទួលផលចោរកម្ម (ទិញស្លាកលេខរថយន្តពាក់ព័ន្ធនឹងអំពើលួច) និងដកហូតវត្ថុតាងមួយចំនួន ជាស្លាកលេខរថយន្ត។ ប្រតិបត្តិការនេះបានធ្វើឡើង វេលាម៉ោង១១និង២០នាទី នៅថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២៣ ស្ថិតនៅចំណុច  ក្បែរសាលារៀនគោកបញ្ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឲ្យដឹងថាជនសង្ស័យទាំង២នាក់ ទី១ មានឈ្មោះ ជិន សីហា ភេទប្រុស អាយុ ជាង៣០ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក( មុខសញ្ញាលួច) ។  ទី២ មានឈ្មោះ នាង ឡន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះ ក្បែរសាលារៀនគោកបញ្ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (អ្នកទទួលផលចោរកម្ម)

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យកម្លាំងសមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជិន សីហា នៅវេលាម៉ោង៤ទៀបភ្លឺ នៅចំណុចផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ពាក់ព័ន្ធនឹងករណីលួចស្លាកលេខរថយន្ត រួចបាននាំខ្លួនមកសួរនាំ ក៏ឈានទៅដល់ការកំណត់មុខសញ្ញា បាន ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម។ 

ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដកហូត ស្លាកលេខរថយន្តចំនួន ០៥គូ (2BP-5516, 2BT-8301, 2BT-3234, 2BH-7667 និង2BS-2227) ឆែកឃើញក្នុងផ្ទះជួលរបស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

ដោយ៖ សហការី


ចែករំលែក៖