ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំរកចំណុចខ្វះខាត និងបំពេញបន្ថែមចំណុចព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៣ លោកស៊ីម រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យរកចំណុចខ្វះខាត និងបំពេញបន្ថែមទៅលើចំណុចខ្វះខាត ព្រំប្រទល់រវាងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុក,អាជ្ញាធរឃុំ មន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។

បើយោងតាមផែនទីភូមិសាស្ត្របង្ហាញតាម google map បានបញ្ជាក់ថា÷  ភូមិមួយចំនួនរបស់ខេត្តព្រះសីហនុ ស្ថិតនៅក្នុងតំបន់ទេសចរណ៍របស់ខេត្តកំពង់ស្ពឺ ដូច្នេះហើយទើបក្រុមការងារព្រំប្រទល់ខេត្តកំពង់ស្ពឺ បាននឹងកំពុងសិក្សា ដើម្បីបំពេញបន្ថែម ឲ្យ បានច្បាស់លាស់និងកំណត់តំបន់សុខសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានទាំងអស់នោះ ដើម្បីផ្ដល់សេវាសាធារណ: ជូនពលរដ្ឋទាំងនោះប្រកបដោយតម្លាភាព ប្រសិទ្ធភាព ព្រមទាំងមានការអភិវឌ្ឍ ស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា។ 

លោក ស៊ីម រតនៈ មានប្រសាសន៍ ដូច្នេះខណៈពេលដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សារកចំណុចខ្វះខាតដើម្បីបំពេញបន្ថែមនៅចំណុចព្រំប្រទល់រវាងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។

លោកបានបន្តទៀតថា ព្រំប្រទល់ទាំងអស់ខាងលើពុំមានបញ្ហាស្មុគស្មាញនោះទេ ព្រោះក្រុមការងារអន្តរមន្ទីររបស់ខេត្តកំពង់ស្ពឺ ចេះបង្រួមបញ្ហាទាំងអស់នេះឲ្យនៅតូច និងសាមញ្ញ បង្កលក្ខណៈងាយស្រួលដល់ក្រុម ការងារបច្ចេកទេស។ ដូច្នេះការងារចំពោះមុខយើងជាអន្តរមន្ទីរ ត្រូវចុះពិនិត្យទីតាំង ដោយផ្ទាល់ និងបានជាក់លាក់ងាយស្រួលគ្រប់គ្រង និងចាត់ចែងទាំងក្រុមការងារអភិរក្សបរិស្ថាន ក្នុងការរក្សាឲ្យបាននូវដីព្រៃ ជារបស់រដ្ឋប្រមាណជាង ១៧០០ហិកតានិងមួយកន្លែងទៀតជាង១ម៉ឺនហិកតាផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖