ខេត្តសៀមរាប ៖ បន្ទាប់ពីមានករណី សមត្ថកិច្ចនគរបាលខេត្តសៀមរាប ចុះប្រមូលសិស្សដែលគេចសាលា មិនចូលរៀន នាំគ្នាទៅសម្ងំតាមក្យូសលេងហ្គេមតាមទូរស័ព្ទ ជក់បារី និង ផឹកភេសជ្ជៈជុំគ្នានិយាយលេងនៅបរិវេណខាងក្រៅសាលា។ អាណាព្យាបាល ឪពុកម្តាយ គាំទ្រ ចំណាត់ការបែបនេះ ដើម្បីឲ្យកូនៗរបស់គាត់ មានអនាគតល្អ តាមការអប់រំរបស់លោកគ្រូអ្នកគ្រូ និងការទប់ស្កាត់ដោយកម្លាំងសមត្ថកិច្ច។
ក្រៅពីនោះ ប្រជាពលរដ្ឋជាពិសេស អាណាព្យាបាល សិស្ស សំរាប់នៅ ក្នុង ក្រុងសៀមរាប ពួកគាត់បាន សំណូមពរ ឲ្យខាង អធិការដ្ឋាននគរបាល ក្រុងសៀមរាប ធ្វើដូច ខាង ស្រុកសូទ្រនិគម (ផង)ពីព្រោះថា ឥឡូវនេះគេបានសង្កេតឃើញថា នៅតាម អនុវិទ្យាល័យ និងវិទ្យាល័យ នៅក្រុងសៀមរាប ក៏មាន ឃើញ បាតុភាព ក្មេងៗមួយចំនួនតូចមិនចូលសាលាហើយបែរជានាំគ្នាពពាក់ពពូនតាម តូបលក់នំឬហាងក្បែរៗសាលាទាំងអស់នោះទៀតផងដែរ.។
គួររំលឹកផងដែរថា កន្លងទោនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទី ព្រឹកនៅចំណុចភូមិសាស្រ្តឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប តាមរយៈការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោក គឹម វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកសូទ្រនិគម ខេត្តសៀមរាប និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដំដែក និងប្រជាការពារ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម សហការជាមួយលោកនាយកសាលា បានចុះប្រមូលសិស្សដែលគេចសាលា មិនចូលរៀន នាំគ្នាទៅសម្ងំតាមក្យូសលេងហ្គេមតាមទូរស័ព្ទ ជក់បារី និង ផឹកភេសជ្ជៈជុំគ្នានិយាយលេងនៅបរិវេណខាងក្រៅសាលា ។
សមត្ថកិច្ចបានប្រមូលសិស្សទាំងនោះយកទៅធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម នៅចំពោះមុខអាណាព្យាបាល និងសមត្ថកិច្ច សិស្សទាំងអស់នោះបានឆ្លើយសារភាពថា ពួកគេពិតជាបានគេចសាលា មិនចូលរៀន ហើយនាំគ្នាទៅអង្គុយលេងហ្គេម និងលេងទូរស័ព្ទព្រមទាំងនិយាយគ្នាលេងនៅក្រៅសាលាប្រាកដមែន ។
ដោយសហការជាមួយអាណាព្យាបាល សមត្ថកិច្ចក៏បានធ្វើតេស្ដទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផល “អវិជ្ជមាន” ។ បន្ទាប់មក សមត្ថកិច្ចក៏បានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងអនុញ្ញាតអោយអាណាព្យាបាលធ្វើលិខិតធានាយកពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញដើម្បីអប់រំបន្ត ។
សូមបញ្ជាក់ថា : ការពង្រឹង លើវិស័យអប់រំ ក៏ដូចជាភាពអនាធិបតេយ្យ ដែលប្រព្រឹត្តឡើងដោយសិស្សមួយចំនួន ជាការចូលរួមចំណែកខ្លាំងក្នុងសង្គម ស្របតាមទិសស្លោកថា ទំពាំងស្នងឬស្សី ។ នឹងឈានដល់លុបបំបាត់ ក្រុមបងតូច បងធំ តាមសាលា ឱ្យគុណភាពនៃការអប់រំ មានស្តង់ដា យុវជនយុវតី មានអនាគតល្អ សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសម្រាប់ការងារ ក្នុងសង្គម ក៏ដូចជាសម្រាប់ចូលរួម លើកគុណសម្បត្តិ តម្លៃនៃប្រទេសជាតិ ៕
ដោយ ៖ សិលា