ព័ត៌មានទាន់ហេតុការណ៍៖

«រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ពិភាក្សាការពង្រឹងទំនាក់ទំនងកម្ពុជា-អាមេរិក»

ចែករំលែក៖

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតំលៃខ្ពស់ប្រកបដោយក្តី ពេញចិត្ដជ្រាលជ្រៅ ចំពោះការផ្លាស់ប្តូរទស្សនៈ និងកិច្ចពិភាក្សា “ប្រកបដោយផ្លែផ្កា” រយៈពេលពីរ ម៉ោង នៅក្នុងជំនួប កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ រវាង លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូមន្ត្រីសភាសហរដ្ឋអាមេរិក ដឹកនាំដោយ លោក Alex Carnes ក្រឡាបញ្ជីនៃក្រុមភាគច្រើនរបស់អនុគណៈកម្មាធិការស្ដីពី ប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានារបស់គណៈកម្មាធិការគ្រប់គ្រង និងបែងចែកថវិការជាតិ របស់ ព្រឹទ្ធសភាអាមេរិក ដោយបានគូសបញ្ជាក់ថា ជំនួបនេះនឹងនាំទៅដល់ការបង្កើនការយល់ដឹងរវាង ប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានអះអាងសាជាថ្មី នៅក្នុងជំនួបសម្តែង ការគួរសមនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបានពិភាក្សាលើទិដ្ឋភាពមួយចំនួននៃការ លើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានថ្លែងអំណរ គុណយ៉ាងស្មោះស្ម័គ្រចំពោះជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានគាំទ្រដល់ការអភិវឌ្ឍ សង្គមនិងសេដ្ឋកិច្ចនៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូត Murphy បានថ្លែងរំលឹកដោយការកោតសរសើរចំពោះការរួមចំណែកយ៉ាងសកម្មរបស់កម្ពុជា ក្នុងតួនាទីជាប្រធានអាស៊ាន ក្នុងការលើក កម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។

លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានជម្រាបលោកឯកអគ្គរដ្ឋទូត Murphy អំពី គម្រោងកាលវិភាគរបស់លោកកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមក្នុងជំនួបធុរកិច្ច ជាមួយក្រុមហ៊ុនអាមេរិកមួយចំនួន ដែលនឹងរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដើម្បីពិភាក្សាពីឱកាសធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសឯកឧត្ដមនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នាពេលខាងមុខ។

លោកឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាផងដែរ អំពីការរៀបចំ ជំនួបរវាងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រី Victoria Nuland អនុរដ្ឋមន្ត្រីការបរទេសស្ដីទីរបស់សហរដ្ឋអាមេរិក នៅអំឡុងពេលនៃកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។

លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ ក្នុងវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ ព្រមទាំងបានផ្លាស់ ប្ដូរយោបល់លើបញ្ហាតំបន់និងអន្តរជាតិមួយចំនួនដែលមានផលប្រយោជន៍រួម។ លោកទាំងពីររូប បានសម្តែងក្តីសោមនស្សរួមគ្នាចំពោះដំណើរការយ៉ាងរលូន និងកិច្ចសហការដ៏ល្អរវាងប្រទេសទាំង ពីរ ក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អាមេរិក។

នៅក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក៏បានសម្តែងនូវអំណរគុណ ចំពោះការជូនពរ និងការអបអរសាទរដ៏កក់ក្ដៅរបស់ លោកឯកអគ្គរដ្ឋទូត Murphy ជូនឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ចំពោះការតែងតាំងនូវតួនាទីថ្មី និងបានធានាចំពោះ លោកឯកអគ្គរដ្ឋទូតនូវ ការបន្តទំនាក់ទំនងការងារដ៏ល្អនាបច្ចុប្បន្នរវាងក្រសួងនិងស្ថានទូត។ ឯកឧត្តមទាំងពីររូបបានបង្ហាញ ពីសុទិដ្ឋិនិយមចំពោះអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖