ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស​ជិត​ ២០នាក់ស្លាប់​ និងរងរបួសធ្ងន់ស្រាល​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ទូទាំងប្រទេស​នាថ្ងៃទី​៣​ កញ្ញា​នេះ!

ចែករំលែក៖

ភ្នំពេញ៖ ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ របួសធ្ងន់ ៩នាក់ និងស្រាល ៦នាក់។​ ដូច្នេះ​សូម​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! 

ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១៩នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១៦លើក មាន កត្តាល្បឿន ៥លើក មិនគោរពសិទ្ធ ៣លើក មិនប្រកាន់ស្តាំ ១លើក ប្រជែងគ្រោះថ្នាក់ ៣លើក កត្តាយាន ២លើក និងស្រវឹង ២លើក។ 

សូមជម្រាបថា​ ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី២ ខែកញ្ញាម្សិលមិញនេះ​ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ១៤នាក់ និងស្រាល ៥៦នាក់។ ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៧២នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៤លើក មាន កត្តាល្បឿន ៣លើក និងប្រជែងគ្រោះថ្នាក់ ១លើក។ 

ជាមួយគ្នានោះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម​គោរព​ច្បាប់​ ដើម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ណាមួយ​ជាយថាហេតុ​ និងការពារជីវិតរបស់លោកអ្នក​ព្រមទាំងក្រុមគ្រួសារ​៕

ដោយ​៖សហការី​


ចែករំលែក៖