សារព័ត៌មាន AFP បានផ្សាយថា ជើងហោះហើរនៅក្នុងស្រុកត្រូវបានលុបចោលនិងមនុស្សជិត ៣,០០០នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ខណៈ ដែលកោះតៃវ៉ាន់បានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការមកដល់នៃព្យុះទីហ្វុងហៃគូអ៉ិ (Haikui) នៅថ្ងៃអាទិត្យ ទី៣ ខែកញ្ញានេះ។
ព្យុះទីហ្វុងហៃគូអ៉ិ (Haikui) ត្រូវបានរំពឹងថានឹងនាំមកជាមួយខ្យល់បាក់ និងភ្លៀងធ្លាក់ខ្លាំងនៅឯភាគខាងត្បូងនិងភាគខាងកើតនៃកោះតៃវ៉ាន់។ ព្យុះទីហ្វុងនេះអាចនឹងបក់បោកទៅដល់ដីគោក នៅតាមតំបន់ភ្នំនិងតំបន់មិនសូវមានប្រជាជនរស់នៅ ស្ថិតនៅភាគអាគ្នេយ៍តៃវ៉ាន់ នៅរសៀល ថ្ងៃអាទិត្យនេះ ដោយក្នុងនោះតំបន់ និងទីក្រុងជាច្រើនក្នុងតំបន់ភាគខាងកើតនិងភាគខាងត្បូងបានបិទសាលារៀននិងប្រកាសថ្ងៃឈប់សម្រាកមួយថ្ងៃសម្រាប់កម្មករ។
ព្យុះទីហ្វុង ហៃគូអ៉ិ (Haikui) មានឥទ្ធិពលខ្សោយជាងព្យុះទីហ្វុង សាវឡា (Saola) ដែលបានវាយប្រហារលើទីក្រុងហុងកុងនិងខេត្តក្វាងទុងនៃភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃសៅរ៍ទី២ ខែកញ្ញា។ ហៃគូអ៉ិ ត្រូវបានរំពឹងថានឹងវិវត្តខ្លួនទៅជាព្យុះទីហ្វុងកម្រិតទី១និងទី២តែប៉ុណ្ណោះនៅពេលដែលវាបក់បោកលើតៃវ៉ាន់។ ប៉ុន្តែ ជាការវិធានការបង្ការ អាជ្ញាធរតៃវ៉ាន់បានជម្លៀសមនុស្ស ២,៨៦៨នាក់ ទៅកាន់កន្លែងមានសុវត្ថិភាពរួចជាស្រេច ក្នុងតំបន់ភាគខាងត្បូង និងខាងកើត។ ចំណែក ជើងហោះហើរក្នុងស្រុកត្រូវបានលុបចោល ខណៈជើងហោះហើរ អន្តរជាតិមានតែ ២៥ជើងទេដែលត្រូវបានលុបចោលនៅថ្ងៃអាទិត្យនេះ៕
ដោយ៖ ធីរីណា(រូបថត៖ VCG)