ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃចន្ទទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ “ម្ទេសហាវ៉ៃ ជាបន្លែផ្លែមួយប្រភេទដែលគេអាចច្នៃធ្វើម្ហូបបានច្រើនមុខ និងកែច្នៃធ្វើម្ទេសក្រៀមបាន”។ នេះបេីយោងសៀវភៅណែនាំបច្ចេកទេស សី្តពីដំណាំម្ទេសហាវ៉ៃ។
ក្រសួងកសិកម្ម បានឱ្យដឹងទៀតថា ម្ទេសប្រភេទនេះវាដុះលូតលាស់ល្អនៅលើដីឥដ្ឋស្រាល (ដីបន្ទះឡាង) ដែលសំបូរទៅដោយសារធាតុចិញ្ចឹមគ្រប់មុខជាពិសេសជាតិកំបោរ ដីដែលជ្រាបទឹករហ័ស និងសំបូរសារធាតុខនិជ ហើយវាក៏អាចលូតលាស់បានផងដែរនៅលើដីល្បាយខ្សាច់ ឬសវាចាក់បានជ្រៅល្អ ប៉ុន្តែត្រូវការផ្គត់ផ្គង់ទឹក និងសារធាតុចិញ្ចឹមតាមវិធីសាស្ត្រណែនាំត្រឹមត្រូវទើបទទួលបានផលល្អ ហើយបើដាំលើដីខ្មៅហើយស្អិតមធ្យម ត្រូវមានប្រព័ន្ធបញ្ចេញទឹកត្រឹមត្រូវ។
គេឃើញម្ទេសហាវ៉ៃត្រូវបានដាំដុះច្រើននៅខេត្តសៀមរាប និងមាននៅតាមបណ្តាខេត្តជាច្រើនទៀតដូចជាខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរីជាដើម។
ម្ទេសហាវ៉ៃមានច្រើនពណ៌ដូចជា បៃតង ទឹកក្រូច លឿង ក្រហម ពណ៌ត្នោត ស និងស្វាយ (Christopher A. Frank et al.,2001) ប៉ុន្តែកសិករខ្មែរពេញនិយមដាំម្ទេសហាវ៉ៃបៃតង ជាងពណ៌ដ៏ទៃទៀត។
នៅលើទីផ្សារបច្ចុប្បន្ន គេសង្កេតឃើញថាម្ទេសហាវ៉ៃក្រៅពីពណ៌បៃតង គឺមានម្ទេសហាវ៉ៃលឿង និងក្រហម ដែលបានចរាចរណ៍លក់ដូរនៅតាមផ្សារទូទៅ និងផ្សារទំនើប ។ ម្ទេសទាំងពីរពណ៌នេះនៅមានតម្រូវការតិចតួចនៅឡើយ ប៉ុន្តែទៅថ្ងៃអនាគត វានឹងអាចមានច្រើនដូចម្ទេសហាវ៉ៃបៃតងដែរ ដោយសារតែវាមានរស់ជាតិឆ្ងាញ់ដូចម្ទេសហាវ៉ៃបៃតង ប៉ុន្តែវាមានពណ៌ស្រស់ស្អាតជួយបន្ថែមសម្រស់ឲ្យម្ហូបអាហារ៕
ដោយ៖ សហការី