ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបបើកបត់ឆ្លងផ្លូវលឿនពេកបួងចង្កូតមិនទាន់ជ្រុលទៅបុកបង្គោលភ្លើងស្តុបសញ្ញាថ្មើរជើងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

    ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកមែរសឺដេសមួយគ្រឿងបើកបត់ឆ្លងផ្លូវក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ជ្រុលទៅបុកបង្គោលភ្លឺស្តុបសញ្ញាថ្មើរជើង បណ្ដាលឱ្យរងការខូចខាត ហើយសំណាងល្អមិនបង្កឱ្យមានអ្នករងរបួស។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខក្រសួងប្រៃសណីយ៍ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ លេខ៩៦ ស្ថិតក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    តាមភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកមែរសឺដេសមួយគ្រឿង ពណ៌ស មិនចាំស្លាកលេខដោយម្ចាស់ដោះយកទៅបាត់ បើកបរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃមកផ្លូវលេខ៩៦ ក្នុងល្បឿនលឿន បួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកបង្គោលភ្លើងស្តុបសញ្ញាថ្មើរជើងបណ្ដាលឱ្យទ្រេតនិងដាច់ធ្លាក់អំពូលចុះមកក្រោម ត្រូវបានម្ចាស់រថយន្តរើសយកមកទុកក្នុងរថយន្ត ហើយនាំគ្នាចេញពីកន្លែងកើតហេតុបាត់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖