ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរឆក់០៥នាក់ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់

ចែករំលែក៖

​    ភ្នំពេញ​ ៖​ យោងតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ​នាព្រឹកថ្ងៃទី៦​ ខែកញ្ញា​ ឆ្នាំ២០២៣នេះបានឱ្យដឹងថា​ កាលពីយប់ថ្ងៃទី០២ ឈានចូល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ មានជនសង្ស័យមួយក្រុមជិះម៉ូតូម៉ាកនិច ចំនួន០៣គ្រឿងបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ០១គ្រឿងម៉ាក IPHONE 11 PRO ពីជនរងគ្រោះដែលកំពុងជិះម៉ូតូឌុបគ្នាលើដងផ្លូវ០២នាក់បានសម្រេច នៅចំណុចផ្លូវលេខ២១៧ ស្ថិតក្នុងភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ព្រមជាមួយគ្នានោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោដែលកំពុងជិះល្បាតមកដល់ចំណុចផ្លូវបេតុងកែងស្ថានីយប៉ុស្តិ៍វិទ្យុABC ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ក៏បានប្រទះឃើញយុវជនមួយក្រុមជិះម៉ូតូម៉ាកនិចចំនួន០៣គ្រឿង ដោយមានការសង្ស័យក៏បានធ្វើការឃាត់សួរនាំនិងឆែកឆេរ ប៉ុន្តែក្រុមជនសង្ស័យទាំងនោះមិនព្រមសហការបែរជាបើកម៉ូតូរត់គេច។ ឃើញដូច្នេះកម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌដង្កោក៏ជិះម៉ូតូប្រដេញតាមរហូតដល់ចំណុចផ្លូវបេតុងក្បែរវត្តព្រែកថ្លឹង ស្ថិតក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ជនសង្ស័យចំនួន០២នាក់បានផ្តួលម៉ូតូចោលហើយរត់គេចខ្លួន ភ្លាមៗនោះកម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌដង្កោក៏បានបន្តដេញចាប់រហូតធ្វើការឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ចំណែកបក្ខពួក០៤នាក់ទៀតបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់។ លុះមកដល់វេលាម៉ោងប្រមាណ១០និង២២នាទី ថ្ងៃដដែល កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង កម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានបន្តស្រាវជ្រាវទៅដល់ទីតាំងដែលបក្ខពួកជនសង្ស័យសំងំលាក់ខ្លួនត្រង់ចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់បន្ថែមទៀតនិងចាប់យកវត្ថុតាងមួយចំនួនដើម្បីចាត់ការតាមនីតិវិធី។ 

   ក្រុមជនសង្ស័យទាំង០៥នាក់រួមមាន៖ ១.ឈ្មោះ សំអូន ណារិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ, ២.ឈ្មោះ ខ្លួត សុភមង្គល ហៅជា ភេទប្រុស អាយុ១៦ឆ្នាំ, ៣.ឈ្មោះ យ៉ុង ភារុណ ហៅម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ, ៤.ឈ្មោះ ឈុន លីដាលីន ភេទប្រុស អាយុ១៧ឆ្នាំ, ៥.ឈ្មោះ យ៉ុង ផាន់នី ភេទប្រុស អាយុ១៧ឆ្នាំ។ 

    ក្រោមវិធានការជំនាញជនសង្ស័យទាំង០៥នាក់បានឱ្យដឹងដូចៗគ្នាថា ក្រុមពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានចំនួន០១គ្រឿងម៉ាក IPHONE 11 PRO ពីជនរងគ្រោះនៅត្រង់ចំណុចផ្លូវលេខ២១៧ ស្ថិតក្នុងភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ប្រាកដមែន។ ជនសង្ស័យ ឈ្មោះ ខ្លូត សុភមង្គល ហៅ ជា បានឱ្យដឹងទៀតថា កាលពីអំឡុងខែមេសា ឆ្នាំ២០២៣ ខ្លួនធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនៅម្តុំរង្វង់មូលកួរស្រូវ និងកាលពីអំឡុង ខែឧសភា ឆ្នាំ២០២៣ ខ្លួនធ្លាប់បានប្រព្រឹត្តអំពើហិង្សាដោយចេតនា ដោយកាប់បំផ្លាញម៉ូតូអ្នកដទៃនៅម្តុំរង្វង់មូលកួរស្រូវផងដែរ។ រីឯជនសង្ស័យឈ្មោះ យ៉ុង ផាន់នី ហៅ ហុង បានឱ្យដឹងដែរថា កាលពីអំឡុងឆ្នាំ២០២២កន្លងមក ខ្លួននិងបក្ខពួកធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនៅម្តុំផ្សារព្រែកជ្រៃផងដែរ។ 

    បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖