ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនចិញ្ចឹមសត្វជាង៥០ គ្រោងបង្កើតរោងចក្រនៅ ក្នុងខេត្តកំពង់ស្ពឺ ដើម្បីផលិតនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រោងចក្រចិញ្ចឹមសត្វជាង៥០ មកពីខេត្ត ហឺណាន ប្រទេសចិន គ្រោងបង្កើតនៅខេត្តកំពង់ស្ពឺ ដើម្បីផលិតនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ការណ៍នេះបញ្ជាក់ថា វិស័យទាំងបី (កសិកម្ម,កសិឧស្សាហកម្ម និងឧស្សាហកម្ម) មានការរីកចម្រើនខ្លាំង ទើបក្រុមអ្នកជំនួញទាំងជាង៥០រោងចក្រ របស់ខេត្តហឺណាន បង្វែរទៅវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការឱ្យដឹងពី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។

លោក វ៉ី សំណាង បានបញ្ជាក់ថា ឱកាសនៃការវិនិយោគនេះ នឹងបង្កើតលើផ្ទៃដីរួមដែលអាចធ្វើកសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្ម ហើយវិស័យទាំងបីនេះនឹងអាចនាំចេញបន្លែ,សាច់គោ,សាច់ជ្រូក ដែលមានលក្ខណៈស្តង់ដារទៅលក់នៅក្នុងប្រទេសចិន និងពិភព លោកទាំងមូល។ រោងចក្រទាំងជាង៥០នេះ នឹងអាចចូលទៅបណ្តើរៗនៅកំឡុងចុងឆ្នាំ២០២៣។ បើតាមការរំពឹងទុក នៅពេលដែលអ្នកវិនិយោគរបស់ខេត្តហឺណាន ប្រទេសចិនចាប់ផ្តើមដំណើរការ នោះនឹងស្រូបទាញយកកម្លាំងពលកម្មរាប់ម៉ឺននាក់ចូលបម្រើការងារ។

សូមបញ្ជាក់ថា ខេត្តហឺណាន ជាខេត្តដែលមានសេដ្ឋកិច្ចធំជាងគេទី៥ នៅក្នុងប្រទេសចិន និងជាខេត្តដែលមានវិស័យកសិកម្មឈានមុនគេទី១ផងដែរ។ ម្យ៉ាងវិញទៀតខេត្តហឺណាន ជាខេត្តដែលមានប្រជាជនច្រើន តែផ្ទៃដីតូច និងប្រកបរបរកសិកម្ម កសិឧស្សាហកម្ម និងឧស្សា ហកម្ម ដូចនឹងខេត្តកំពង់ស្ពឺដែរ ដែលមានប្រជាជនពឹងផ្អែកលើផ្អែកកសិកម្មច្រើន ទាំងការដាំដុះដំណាំ និងការចិញ្ចឹមសត្វ ហើយខេត្តហឺណានក៏មានអ្នកជំនួញដល់ទៅជាង ១លាននាក់ និងច្រើនសមាគមន៍។ នេះបើយោងតាមការឱ្យដឹងពី លោក Wang Guangguo នាយកប្រតិបត្តិ សហព័ន្ធសហគ្រិនជនជាតិចិនក្រៅប្រទេស នៃខេត្តហឺណាន( Henan Federation of Oversea Chinese Entrepreneurs)៕

ដោយ៖ សូរិយា


ចែករំលែក៖