ព័ត៌មានទាន់ហេតុការណ៍៖

ខ្លឹមសារនៃជំនួបជាមួយ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម

ចែករំលែក៖

ប្រទេសឥណ្ឌូនេស៊ី ៖ នៅថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៩:៣០ នាទីព្រឹក, នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ (His Majesty Sultan Haji Hassanal Bolkiah Mu’izzadin Waddaulah) ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម  ។

ជាកិច្ចចាប់ផ្តើម, សម្តេចធិបតី បានបង្ហាញនូវការស្វាគមន៍ចំពោះជំនួបនេះ និង បានពាំនាំការសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្វាយជូនចំពោះ ព្រះចៅស៊ុលតង់ ផងដែរ ។ សម្តេចធិបតី បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និង ព្រុយណេ ជាពិសេស ក្នុងទិដ្ឋភាព នៃវិស័យការពារជាតិ ដែល សម្តេចធិបតី បានធ្វើទស្សនកិច្ចមកកាន់ព្រុយណេ កាលពី សម្តេចធិបតី នៅជាមេបញ្ជាការកងទ័ពជើងគោក ។ ជាកិច្ចឆ្លើយតប,  ព្រះចៅស៊ុលតង់ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី និង បានរំលឹកអំពីមិត្តភាពដ៏ជិតស្និទ្ធរវាង ព្រះចៅស៊ុលតង់ និង សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។

នៅក្នុងជំនួបនេះ, សម្តេចធិបតី និង ព្រះចៅស៊ុលតង់ បានពិភាក្សាទៅលើទិសដៅអនាគតនៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ព្រុយណេ ដែលផ្តោតជាពិសេសទៅលើវិស័យការពារជាតិ, សន្តិសុខ, អប់រំ និង បណ្តុះបណ្តាលធនធានមនុស្ស, កសិកម្ម ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និង ប្រជាជន នៃប្រទេសទាំងពីរ ។ សម្តេចធិបតី និង ព្រះចៅ ស៊ុលតង់ បានឯកភាព ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការផ្សារភ្ជាប់វិស័យឯកជន តាមរយៈសភាពាណិជ្ជកម្ម, និងការគាំទ្រអនុវត្តយន្តការសន្ទនាទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ ។

ជាកិច្ចបញ្ចប់, ព្រះចៅស៊ុលតង់ បានអញ្ជើញ សម្តេចធិបតី មកបំពេញទស្សនកិច្ចផ្លូវការនៅព្រុយណេ នាពេលខាងមុខនេះ ។ សម្តេចធិបតី បានឆ្លើយតបដោយវិជ្ជមានចំពោះការអញ្ជើញនេះ និង បានអញ្ជើញ ព្រះចៅស៊ុលតង់ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាវិញផងដែរ នាថ្ងៃអនាគត ៕

ដោយ ៖ សិលា


ចែករំលែក៖