ព័ត៌មានទាន់ហេតុការណ៍៖

ចរាចរណ៍នៅខេត្តតាកែវកើតរឿងដដែលៗ÷បែកធ្លាយមេគោលដៅចរាចរធំៗ២ក្នុងខេត្តតាកែវតម្រូវបង់លុយជាង៦០ម៉ឺនរៀលទៅថ្នាក់លើក្នុង១ថ្ងៃ

ចែករំលែក៖

ខេត្តតាកែវ ៖ ក្រុមមន្ត្រីនគរបាលនៅខេត្តតាកែវបន្តខ្សឹប ខ្សៀវដដែលៗករណីមន្ត្រីមេៗនៅស្នងការដ្ឋានបង្គាប់ បញ្ជាឲ្យរកប្រាក់បង់ឲ្យថ្នាក់លើ។ ស្នងការរងទទួលផែនលើកមុន ដែលដូរចេញទៅនោះក៏ព្រោះតែធ្លាយរឿងឲ្យកូនចៅបង់ប្រាក់ប្រចាំថ្ងៃតាមគោលដៅ។ ឥឡូវនេះស្រាប់តែធ្លាយរឿងដដែលដូចមុនគឺករណីបង្គាប់បញ្ជាឲ្យកូនចៅដែលដាក់តាមគោលដៅនៅលើផ្លូវជាតិបង់ ប្រាក់ដូចមេៗមុនទៀត។

គោលដៅមន្ត្រីនគរបាលចរាចរដែលដាក់កម្លាំងប្រចាំការតាមដងផ្លូវជាកន្លែងអនុវត្តច្បាប់ចរាចរផ្លូវគោក សម្រួលដល់សណ្តាប់ធ្លាប់ចរាចរសាធារណៈលើដងផ្លូវ និងជាកន្លែងអនុវត្តច្បាប់ ចំពោះជនណាដែលបំពាន និងល្មើសច្បាប់ចរាចរផ្លូវគោក។ ជាមួយនឹងការដាក់គោលដៅដើម្បីអនុវត្តច្បាប់ចរាចរតាមដងផ្លូវនេះ ឮថាទឹកដីខេត្តតាកែវ គ្រាន់តែដូរស្នងការរងទទួលផែនចរាចរភ្លាម មានគោលដៅចរាចរ២ទីតាំង គឺលើផ្លូវជាតិលេខ៣ និង លើផ្លូវជាតិលេខ២ មេគោលដៅត្រូវប្រមូលលុយ៦៥ម៉ឺនរៀលបង់ទៅថ្នាក់លើក្នុងមួយថ្ងៃៗ ក្នុងទីតាំងរបស់ខ្លួនដែលឈរជើង។ 

បើងាកមកមើលការអនុវត្តច្បាប់របស់សមត្ថកិច្ចចរាចរតាមដងផ្លូវវិញឃើញថា មន្ត្រីនគរបាលចរាចរដែលឈរ ជើងប្រចាំការតាមផ្លូវជាតិលេខ២និងលេខ៣ ទឹកដីខេត្តតាកែវ នៅតែអនុញ្ញាតិឲ្យមានរថយន្តដឹកទំនិញសំពីងសំពោងល្មើសច្បាប់ចរាចរតាមដងផ្លូវជារៀង រាល់ថ្ងៃដោយមិនមានការហាមឃាត់ឬណែនាំនោះទេ ពិសេសជាងនេះភាគច្រើនគឺសុទ្ធតែជាប្រភេទរថយន្តកែឆ្នៃទៀតផង។ ប្រហែលបើមិនឲ្យមានរថយន្តដឹកទំនិញសំពីងសំពោងល្មើសច្បាប់ឆ្លងកាត់ធ្វើម៉េចបានលុយបង់ទៅថ្នាក់លើទៅ បើ១ថ្ងៃៗជាង៦០ម៉ឺនរៀលឯណោះ។ បើចាំតែពិន័យអ្នកជិះម៉ូតូ ប្រហែលរកលុយចាក់សាំមកប្រចាំការមិនបានទេមើលទៅ ព្រោះប្រជាពលរដ្ឋអ្នកបើកបរម៉ូតូមានការយល់ដឹងច្រើនហើយមិនងាយនិងបានផាកពិន័យទេ។ 

ជុំវិញការបែកធ្លាយខាងលើ លោក ប៉ុល សំអុលឧត្តម ស្នងការរងទទួលផែនចរាចរនៃស្នងការនគរបាលខេត្ត តាកែវ បានឲ្យដឹងថា លោកនិងឲ្យកម្លាំងបង្ក្រាបឲ្យអស់រាល់រថយន្តដឹកទំនិញសំពីងសំពោង បើនៅតែមានចរាចរលើដងផ្លូវទៀត។ ចំណែករឿង៦៥ម៉ឺនមួយថ្ងៃក្នុងគោលមួយៗបង់ទៅថ្នាក់លើនោះ គឺជារឿងមិនពិតទេ គឺមកពីមានមន្ត្រីលោកខ្លះច្រណែនគ្នាចេះតែរាយការណ៍ផ្តេសផ្តាសប៉ុណ្ណោះ៕

ដោយ៖ សូរិយា


ចែករំលែក៖