ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិសន្ដិបណ្ឌិត ស សុខា ៖ «សាមគ្គីភាពនាំមកនូវជ័យជម្នះ» ដូចនេះក្នុងនាមជាកីឡាករ កីឡាការិនី ត្រូវខិតខំធ្វើការហ្វឹកហាត់ ដើម្បីរកជ័យជម្នះសម្រាប់អង្គភាពនិងខ្លួនឯង

ចែករំលែក៖

ភ្នំពេញ​៖​ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យប្រតិភូ និងអត្តពលិក នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ចូលជួបសម្ដែងការគួរសម និងធ្វើសេចក្ដីរាយការណ៍អំពីលទ្ធផលចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក (World Police & Fire Games) លើកទី២០ ឆ្នាំ២០២៣ នៅទីក្រុង Winnipeg ប្រទេសកាណាដា។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃផងដែរ។

ជាកិច្ចចាប់ផ្ដើម លោក សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡា បានធ្វើរបាយការណ៍សង្ខេបអំពីលទ្ធផលចូលរួមការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ដែលបានប្រារព្ធធ្វើឡើងនៅប្រទេសកាណាដាកន្លងទៅ ពោលគឺចាប់ផ្តើមចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ដោយអត្តពលិក នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ចំនួន ៤៨នាក់ បានទៅចូលរួមប្រកួតលើ ១២ប្រភេទកីឡា។ សម្រាប់ជាលទ្ធផល អត្តពលិក នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ទទួលបានមេដាយសរុបចំនួន ៧១គ្រឿង (មាស៣៣ ប្រាក់២៩ និងសំរឹទ្ធ៩)។

លោករដ្ឋលេខាធិការ បន្ដថា ដោយមានលិខិតអញ្ជើញពីប្រធានសហព័ន្ធរៀបចំការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក និងទទួលបានគោលការណ៍អនុញ្ញាត ក៏ដូចជាការឧបត្ថម្ភជ្រោមជ្រែងដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលកន្លងទៅ ទើបប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ មានឱកាសបានចេញដំណើរទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣នេះ។

នាឱកាសនោះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បាននាំយកនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ប្រកបដោយការនឹករឭកពីសំណាក់ សម្ដេចក្រឡាហោម ស ខេង ជូនចំពោះ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។ លោកអភិសន្ដិបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអត្តពលិកទាំងអស់ដែលបានចូលរួមការក្រកួតនៅប្រទេសកាណាដា រហូតទទួលបានមេដាយសរុបចំនួន ៧១គ្រឿង ដែលនេះជាការលើកមុខមាត់ក្រសួងមហាផ្ទៃ និងប្រទេសជាតិទាំងមូល។

លោកអភិសន្ដិបណ្ឌិត បន្ដថា «សាមគ្គីភាពនាំមកនូវជ័យជម្នះ» ដូចនេះ ក្នុងនាមជាកីឡាករ កីឡាការិនី ត្រូវខិតខំធ្វើការហ្វឹកហាត់ ដើម្បីរកជ័យជម្នះសម្រាប់អង្គភាព សម្រាប់ខ្លួនឯងផ្ទាល់ ជាពិសេសសម្រាប់សង្គមជាតិ ទន្ទឹមនោះ ក៏ត្រូវរក្សាឱ្យបាននូវវិន័យ សេចក្តីថ្លៃថ្នូរ និងសីលធម៌ និងជាពិសេសសាមគ្គីភាពដែលជាកត្តាមិនអាចខ្វះបាន។

លោកអភិសន្ដិបណ្ឌិត ស សុខា បន្ថែមថា ជាមួយនឹងការហ្វឹកហាត់ ទាំងគ្រូបង្វឹក ទាំងកីឡាករ កីឡាការិនី ត្រូវខិតខំស្វែងយល់បន្ថែមពីបច្ចេកទេសក្នុងការប្រកួតរបស់កីឡាករល្បីៗមួយចំនួនទាំងនៅក្នុងតំបន់ និងអន្តរជាតិ តាមរយៈបណ្ដាញសង្គមនានា និងត្រូវខិតខំស្វែងយល់ពីលក្ខន្តិកៈ នៃការប្រកួត ក្នុងករណីមានការកែសម្រួលថ្មីណាមួយ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោកនេះប្រព្រឹត្តឡើងក្នុងគោលបំណងបង្ហាញពីសាមគ្គីភាព សមត្ថភាព និងទេពកោសល្យ របស់នគរបាល នៃបណ្ដាប្រទេសនីមួយៗ ហើយមានជាង៧០ប្រទេសដែលតែងតែបញ្ជូនអត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍នេះ។

សូមជម្រាបជូនថា ក្នុងជំនួបនោះដែរ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់លិខិតអបអរសាទរ និងកោតសរសើរជូន លោក សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។ លោកអភិសន្ដិបណ្ឌិត ក៏បានអញ្ជើញប្រគល់ថវិកាឧបត្ថម្ភជូន លោកឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាតំណាងគ្រូបង្វឹក កីឡាករ កីឡាការិនីផងដែរ៕

ដោយ៖ ស​ តារា


ចែករំលែក៖