ភ្នំពេញ ៖ វាំងនននឹងបើកហើយ ! ចំពោះករណីរឿងទាមទារទូទាត់ថ្លៃកញ្ចក់នេះ អយ្យការកំពុងចាត់ការតាមនីតិវិធីច្បាប់ហើយ ដើម្បីស្វែងរកការពិតក្នុងរឿងនេះ ។ យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ;
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា៖ កន្លងមកថ្មីៗនេះមានការបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមជាច្រើនអំពីបញ្ហាពាក់ព័ន្ធនឹង ករណីទាមទារការទូរទាត់ថ្លៃកញ្ចក់ដែលក្រុមហ៊ុន អឹប៊ឹន វិនដ័រ (URBAN WINDOORS) បានយកទៅបំពាក់នៅ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងពាក់ព័ន្ធនឹងករណីខាងលើរួចហើយ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ហើយតំណាងអយ្យការបាននឹងកំពុងចាត់ការលើសំណុំរឿងនេះដោយយក ចិត្តទុកដាក់ និងបានធ្វើការកោះហៅភាគីដែលពាក់ព័ន្ធទាំងអស់ដើម្បីស្តាប់ចម្លើយនៅក្នុងខែកញ្ញា ឆ្នាំ២០២៣ ដើម្បីមានមូលដ្ឋានក្នុងការសម្រេចតាមនីតិវិធីច្បាប់ ។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕
ដោយ ៖ សុខ ខេមរា