ខេត្តកោះកុង៖ ល្បែងមាន់ជល់អនឡាញចំនួនពីរកន្លែងត្រូវបានគេបង្ហើបថាលោកអធិការស្រុកមួយរូបទទួលសំណូកមួយលានរៀលក្នុងមួយខែពីម្ចាស់ទីតាំងដែលជាថ្នូរនិងបិទភ្នែកកុំធ្វើដឹងធ្វើលឺមិនបង្រ្កាបប៉ុនែ្តផ្ទុយទៅវិញបន្ទាប់ពីទទួលលុយរួចហើយបែរជាបញ្ជាកម្លាំងក្រោមឱវាទឲ្យចុះទៅចាប់សិន ដោយសន្យាថាកន្លះខែក្រោយនិងបានឲ្យបើកលេងវិញ។
ប្រភពមួយបានទម្លាយឲ្យដឹងថា លោកវរសេនីយ៍ទោ ជូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិលនោះបានទទួលយកលុយចំនួនមួយលានរៀលក្នុងមួយខែពីម្ចាស់ទីតាំងល្បែងមាន់ជល់អនឡាញ នៅដើមខែគឺថ្ងៃដាច់ខែចាស់ទី៣០ឬ៣១ជាថ្នូរបិទភ្នែកមិនចាត់វិធានបង្រ្កាប ។
ប៉ុនែ្តបន្ទាប់ពីទទួលយកលុយមួយលានមិនបានប៉ុន្មានថ្ងៃផងក៏ស្រាប់តែលោកអធិការរូបនោះបានបញ្ជាឲ្យកូនចៅចុះទៅចាប់បង្ក្រាបនៅថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៣នេះ ហើយបានសន្យាជាមួយម្ចាស់ទីតាំងល្បែងមាន់ជល់តាមអនឡាញនោះថាកន្លះខែក្រោយលោកនឹងឲ្យបើកលេងវិញហើយ ។
ទីតាំងដែលលោកអធិការនគរបាលស្រុកស្រែអំបិលយកលុយហើយ បែរជាចុះចាប់នោះមានទីតាំងស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។
ហើយនៅពេលចុះចាប់បង្ក្រាបនោះកម្លាំងរបស់លោកអធិការស្រុកស្រែអំបិលបានប្រមូលវត្ថុតាងយកទៅមួយចម្អិនកំពឹសដែរដោយមិនបានរាយការណ៍ទៅឲ្យថ្នាក់លើដឹងនោះទេ ក្រោយមកក៏ប្រគល់សម្ភារៈនោះមានទូរទស្សន៍ និងម៉ាស៊ីនកុំព្យូទ័រ សម្រាប់បម្រើឲ្យល្បែងមាន់ជល់ទូរទស្សន៍អនឡាញឲ្យម្ចាស់ដើមវិញ ភ្លាមដែរ ប៉ុន្តែលុយរឹបអូសបានពីអ្នកកាន់ប្រចាំការសម្រាប់ស៊ីសងនោះមានចំនួនមួយលានបួនសែនរៀលត្រូវកម្លាំងលោកអធិការដកហូតយកទៅបាត់មិនឃើញប្រគល់ឲ្យវិញទេ។
ប្រភពបានបង្ហើបបន្តទៀតថាសព្វថ្ងៃនេះទីតាំងបើកល្បែងមាន់ជល់តាមអនឡាញ និងឡូតូ កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេងខ្លាំងណាស់មិនធ្លាប់ឃើញមានសមត្ថកិច្ចណាចាត់វិធានការបង្រ្កាបឡើយទើបតែពេលនេះស្រាប់តែបង្ក្រាបយកស្នាដៃ ។
បើតាមការសង្កេតទីតាំងល្បែងតាមអនឡាញដែលបើកលេងក្នុងស្រុកស្រែអំបិលនោះមានចំនួន៣ទីតាំង .ទី១ ផ្លូវចូលផែថ្មីក្នុងភូមិត្រពាំង.ទី២ ក្បែរស្ពានទី២ក្នុងភូមិវាល និងទី៣ នៅខាងក្រោយផ្សារលើ ក្នុងភូមិស្រែអំបិល ដោយទាំងបីទីតាំងនេះស្ថិតនៅក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។
ពាក់ព័ន្ធនឹងការទម្លាយរឿងលោកអធិការនគរបាលស្រុកស្រែអំបិលដែលទទួលយកលុយ១លានរៀលក្នុងមួយខែពីម្ចាស់ល្បែងមាន់ជល់អនឡាញជាថ្នូរនិងបិទភ្នែកមិនចាត់វិធានបង្រ្កាបនោះអ្នកយកព័ត៌មានយើងបានទំនាក់ទំនងតាមទូរស័ព្ទទៅលោកវរសេនីយ៍ទោ ជូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិលដែរសុំការបំភ្លឺ តែលោកឆ្លើយបដិសេធយ៉ាងខ្លីថាមិនបានទទួលលុយប្រចាំខែនោះទេ ។
ឯរឿងចុះទៅចាប់នឹងដកហូតយកលុយសម្រាប់ស៊ីសងល្បែងមាន់ជល់ទូរទស្សន៍អនឡាញជាងមួយលានបួនសែននោះក៏លោកមិនដឹងដែរ ។
ចំពោះការបញ្ជាឲ្យកូនចៅចុះទៅនោះគ្រាន់តែចុះទៅអប់រំ ណែនាំតែប៉ុណ្ណោះ ។
ប៉ុនែ្តបើតាមវីដេអូកាមេរ៉ាសុវត្ថិភាព ហាក់បីដូចជាបង្ហាញថា លោកអធិការនគរបាលស្រុកស្រែអំបិល មិនមែនចុះទៅអប់រំណែនាំនោះទេ គឺកម្លាំងរបស់លោកអធិការចុះចាប់ដកហូតយកសម្ភារៈក្នុងទីតាំងនោះទាំងអស់ តែម្ដង ។
ចំពោះករណីល្បែងស៊ីសងតាមអនឡាញនោះមិនមានតែក្នុងស្រុកស្រែអំបិលប៉ុណ្ណោះតាមបណ្តារស្រុកក្រុងស្ទើរទូរទាំងខេត្តកោះកុងនោះទៅហើយដែលមានលេងបែបនេះដោយមិនមានការបង្ក្រាប។
ដែលបង្ករនាំឲ្យមានជម្លោះកើតអំពើហិង្សាក្នុងគ្រួសារអំពើបោកប្រាស់គ្រប់រូបភាពនិងចោរថែមទៀតផងនៅក្នុងតំបន់ដែលមានល្បែងសុីសងនោះ។
មហាជនមជ្ឈដ្ឋានជុំវិញក៏បាន សំណូមពរដល់រដ្ឋបាលស្រុកខេត្តនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់គួរមានវិធានការហើយទៅលើទីតាំងល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសមាន់ជល់តាមអនឡាញនេះតែម្តងចំនួន៣ទីតាំងខាងលើដើម្បីអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃផងដែរ ៕
ដោយ ៖ ជីវ័ន