ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមួយក្នុងប្រទេសឥណ្ឌាបិទសាលារៀនដើម្បីទប់ស្កាត់មេរោគ Nipah ដែលឆ្លងរាលដាលទ្រង់ទ្រាយធំ

ចែករំលែក៖

កាលពីថ្ងៃទី 13 ខែកញ្ញា រដ្ឋាភិបាលរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌាបានបិទសាលារៀន ការិយាល័យ និងមធ្យោបាយធ្វើដំណើរសាធារណៈមួយចំនួន ដើម្បីការពារការរីករាលដាលនៃមេរោគ Nipah ដ៏សាហាវ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters មន្ត្រីសុខាភិបាលរដ្ឋបាននិយាយថា រដ្ឋ Kerala កំពុងកត់ត្រាករណីឆ្លងមេរោគ Nipah ចំនួនពីរដែលកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្នុងនោះមានមនុស្សពេញវ័យម្នាក់និងកុមារ ម្នាក់។ មន្ត្រីក៏បានធ្វើតេស្តមនុស្សជាង ១៣០នាក់ ដើម្បីរកមេរោគផងដែរ។
រដ្ឋមន្ត្រីសុខាភិបាលលោក Veena George បាននិយាយថា “យើងកំពុងផ្តោតលើការតាមដានទំនាក់ទំនងនៃករណី និងដាក់ឱ្យនៅដាច់ដោយឡែក។ នៅក្នុងតំបន់ជាច្រើននៃរដ្ឋត្រូវបានរឹតបន្តឹងដើម្បីទប់ស្កាត់វិបត្តិសុខភាព»។
ចាប់តាំងពីថ្ងៃទី 30 ខែសីហា មនុស្សពីរនាក់បានស្លាប់ដោយសារការឆ្លងមេរោគ Nipah នៅក្នុងការផ្ទុះឡើងទី 4 របស់រដ្ឋចាប់តាំងពីឆ្នាំ 2018មក ដោយបង្ខំឱ្យរដ្ឋាភិបាលប្រកាសតំបន់រីករាលដាលនៅក្នុងភូមិចំនួន៧ ក្នុងស្រុក Kozhikode ។ អាជ្ញាធរក៏បានចេញបទប្បញ្ញត្តិដាក់ឱ្យនៅដាច់ពីគេយ៉ាងតឹងរ៉ឹង ហើយបុគ្គលិកពេទ្យក៏ត្រូវដាក់ឱ្យនៅដាច់ពីគេផងដែរ បន្ទាប់ពីទំនាក់ទំនងផ្ទាល់ជាមួយអ្នកឆ្លង។
មន្ត្រីបាននិយាយថា អ្នកស្លាប់ដំបូងគឺម្ចាស់ដីតូចម្នាក់នៅភូមិ Marutonkara។ កូនស្រីជនរងគ្រោះនិងបងថ្លៃទាំងពីរបានឆ្លងវីរុសនេះ ហើយកំពុងនៅដាច់ដោយឡែក។ សមាជិកគ្រួសារផ្សេងទៀត និងអ្នកជិតខាងរបស់អ្នកដែលឆ្លងមេរោគនេះកំពុងត្រូវបានធ្វើតេស្ត។
ករណីស្លាប់ទី២ មានទំនាក់ទំនងជាមួយជនរងគ្រោះទី១ នៅមន្ទីរពេទ្យ នេះបើតាមការស្រាវជ្រាវដំបូងរបស់គ្រូពេទ្យ ។
ក្រុមមន្ត្រីបាននិយាយថា អ្នកជំនាញមកពីវិទ្យាស្ថានជាតិវិទ្យាសាស្ត្រនឹងចុះទៅពិនិត្យតំបន់នេះ ដើម្បីធ្វើតេស្តបន្ថែមទៀត។
មេរោគ Nipah ឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយសារធាតុរាវក្នុងខ្លួនរបស់សត្វប្រចៀវ ជ្រូក ឬមនុស្ស។ មេរោគនេះត្រូវបានគេរកឃើញដំបូងក្នុងឆ្នាំ 1999 អំឡុងពេលមានការផ្ទុះឡើងក្នុងចំណោមអ្នកចិញ្ចឹមជ្រូកនិងមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយសត្វក្នុងប្រទេសម៉ាឡេស៊ីនិងសិង្ហបុរី៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖