ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំនាយកដ្ឋានបុគ្គលិកមន្ដ្រីនគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ និងមន្ដ្រីនាយកដ្ឋានបុគ្គលិកមន្ដ្រីនគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស ប្រធាន-អនុប្រធាន នាយ-នាយរង ការិយាល័យ ក្រោមចំណុះ នាយកដ្ឋានបុគ្គលិកមន្ដ្រីនគរបាលជាតិ។

នាឱកាសនោះ នាយឧត្តមសេនីយ៍ សាស្ត្រា ចារ្យ សេង ផល្លី បានលើកឡើងថា តាមរយៈការកំណែទម្រង់ផ្លាស់ប្តូររចនាសម្ព័ន្ធ និងថ្នាក់ដឹកនាំផ្ទាល់របស់នាយកដ្ឋាន អង្គភាពត្រូវស្វែងរកចំណុចល្អ និងបញ្ហាប្រឈមរបស់ខ្លួន ដោយផ្អែកលើការងារជំនាញកន្លងមកនេះ និងអភិវឌ្ឍន៍ខ្លួន ហើយស្វែងរកគំនិតថ្មីៗ ដើម្បីធ្វើឱ្យនាយកដ្ឋានមួយនេះ មានភាពរីកចម្រើនបន្ថែមទៀត។ នាយឧត្តមសេនីយ៍ បានលើកឡើងទៀតថា ដើម្បីឱ្យនាយកដ្ឋានមួយទទួលបានជោគជ័យ និងរីកចម្រើនបាននោះ មន្ដ្រីទាំងអស់ត្រូវបន្ដរួបរួមសាមគ្គីគ្នា ដើម្បីបំពេញការងារ។

 ទន្ទឹមនឹងនេះ លោក ឧត្តមសេនីយ៍ឯក ជា សុផាត ប្រធាននាយកដ្ឋានបុគ្គលិកមន្ដ្រីនគរបាលជាតិ បានធ្វើការប្តេជ្ញាថា នឹងធ្វើវិចារណកម្មរចនាសម្ព័ន្ធតួនាទីភារកិច្ចរបស់នាយកដ្ឋានអង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ឱ្យកាន់តែមានលក្ខណៈវិទ្យាសាស្ត្រ មានដំណើរការរលូន មិនជាន់តួនាទីភារកិច្ចគ្នា ដើម្បីឱ្យដំណើរការ នៃការបញ្ជាដឹកនាំ ប្រកបដោយប្រសិទ្ធភាព និងស្របតាមការវិវត្តនៃសភាពការណ៍រីកចម្រើនរបស់សង្គមជាតិ។

លោក ប្រធាននាយកដ្ឋាន ក៏បានជំរុញកាលវិភាគមុខងារគ្រប់នាយកដ្ឋានអង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ឱ្យបានត្រឹមត្រូវ ស្របតាមតម្រូវការនៃប្រតិបត្តិការជំនាញសំដៅពង្រឹងការងារក្នុងស្ថាប័ន និងលើកកម្ពស់ប្រសិទ្ធភាពការបំពេញការងារ៕

ដោយ ៖ សហការី


ចែករំលែក៖