ភ្នំពេញ ៖ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ជំរុញការចូលរួមអនុវត្តឱ្យទទួលបានជោគជ័យនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ហើយសម្រាប់ការចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ ក្នុងនោះអាទិភាពទីមួយគឺ “ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល” ស្របជាមួយគ្នានេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ចំនួន៩ ដែលក្នុងនោះ ដើម្បីជំរុញលើកកម្ពស់គុណភាពថែទាំសុខភាពទាំងសេវាសាធារណៈ និងឯកជន ជាមួយនឹងការពង្រឹងនិយ័តកម្មសេវាសុខាភិបាល ហើយជាការងារបន្ទាន់ នារសៀលថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ដឹកនាំដោយ លោកសាស្រ្តាចារ្យ ហ៊ុន ចំរើន ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត រួមជាមួយ លោក ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិកាក្រសួងសុខាភិបាល លោក ង៉ូវ កាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល និងមន្រ្តីបច្ចេកទេស ព្រមទាំងមានការអញ្ជើញចូលរួមពី លោក រស់ ប្រាជ្ញ ពន្លឺ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាតំណាងគណៈគ្រូពេទ្យកម្ពុជា ដើម្បីពិនិត្យមើល “ប្រកាស ស្តីពីការផ្សព្វផ្សាយលក្ខណៈវិជ្ជាជីវៈសុខាភិបាល” ក្នុងគោលបំណង ធ្វើឲ្យសាធារណៈជនបានទទួលនូវព័ត៌មានដែលអាចជឿជាក់បានយកទៅពិចារណា ក្នុងការស្វែងរកសេវាសុខាភិបាលសមស្របណាមួយទៅតាមសេចក្តីត្រូវការ និងដើម្បីធ្វើឲ្យអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់មានសេចក្តីថ្លៃថ្នូរ គោរពអនុវត្តតាមលិខិតបទដ្ឋានគតិយុទ្ធដែលចូលជាធរមាន។
សូមជម្រាបថាក្នុងពេលថ្មីៗនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចេញបទបញ្ជាយ៉ាងម៉ីងម៉ាត់ ដល់មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវអនុវត្តបទដ្ឋានបច្ចេកទេស គោរពក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមានក្នុងការផ្តល់សេវាសុខាភិបាលជូនអ្នកជំងឺក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយគុណភាព សុវតិ្តភាព ប្រសិទ្ធភាព និងសមធម៌ ៕
ដោយ ៖ សហការី