ភ្នំពេញ ៖ រថយន្តដឹកទំនិញមួយគ្រឿងបានបើកលឿនជ្រុលទៅបុកម៉ូតូកង់បីពីក្រោយពេញទំហឹងបណ្ដាលឱ្យបុរសជាកម្លាំងសមត្ថកិច្ចម្នាក់រងរបួស។
ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត កែងផ្លូវលេខ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាកម្លាំងសមត្ថកិច្ចបើកម៉ូតូកង់បីខ្មែរ ពាក់ស្លាកលេខតាកែវ1A-6081តាមបណ្ដោយផ្លូវលេខ៤៣០ ក្នុងទិសដៅពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចផ្លូវព្រះមុនីរ៉េតក៏បានបត់ស្តាំ ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3F- 4066 បើកតាមបណ្ដោយផ្លូវព្រះមុនីរ៉េតក្នុងទិសដៅពីកើតចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូកងបីពេញទំហឹងបណ្ដាលឱ្យអ្នកបើកម៉ូតូកង់បីរងរបួសហើយម៉ូតូកង់បីបានខ្ទាតចម្ងាយប្រហែលជាសែសិបម៉ែត្រទៅផ្លូវម្ខាងទៀត។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ហើយធ្វើការសម្របសម្រួលទៅភាគីទាំងសងខាង៕
ដោយ៖ សុខាសែនជ័យ