ភ្នំពេញ៖ ជនសង្ស័យម្នាក់បានខ្ចីម៉ូតូពីបុរសម្នាក់ដែលបងស្រីទើបទិញបង់រំលស់ឱ្យជិះបាន២ខែ ថាយកទូរស័ព្ទទៅធ្វើមួយភ្លែត បែរជាយកម៉ូតូទៅលក់បាត់ ហើយគេចខ្លួនបានជាងមួយខែក៏ត្រូវបានមិត្តភក្កិជនរងគ្រោះប្រទះឃើញចាប់ឃាត់ខ្លួនកាលពីវេលាម៉ោងប្រហែល១១ យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវរថភ្លើងដែលស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមសម្ដីបុរសម្នាក់បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រយៈពេលជាងមួយខែមុន ជនសង្ស័យបានខ្ចីម៉ូតូពីជនរងគ្រោះ ម៉ាកហុងដាឌ្រីម សេ125 ស៊េរីឆ្នាំ 2023 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KB-1463 ដែលបងស្រីជនរងគ្រោះទិញបង់រំលស់ឱ្យជិះទើបបានរយៈពេល២ខែ ស្ថិតនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ប្រភពដដែលបានបន្តទៀតថា ដោយជនសង្ស័យបានស្គាល់គ្នាជាមួយបងជនរងគ្រោះ ដោយបងជនរងគ្រោះមានការទុកចិត្តទៅលើជនសង្ស័យពេកទើបហ៊ានឱ្យម៉ូតូប្អូនទៅជនសង្ស័យខ្ចីជិះ ហើយជនសង្ស័យបានប្រាប់ថាខ្ចីជិះយកទូរស័ព្ទទៅធ្វើមួយភ្លែត រួចក៏គេចខ្លួនបាត់រហូតលុះមកដល់ថ្ងៃកើតហេតុខាងលើ ក៏ត្រូវបានមិត្តភក្កិជនរងគ្រោះប្រទះឃើញជនសង្ស័យដើរនៅត្រង់ចំណុចកន្លែងកើតហេតុខាងលើក៏បានឃាត់ខ្លួននិងទំនាក់ទំនងទៅសាច់ញាតិជនគ្រោះចុះមកដល់កន្លែងកើតហេតុ ហើយក៏បានធ្វើការសួរនាំទៅលើជនសង្ស័យ ដោយជនសង្ស័យម្ដងប្រាប់ថាយកទៅលក់បាត់ហើយនៅឯខេត្តក្រចេះ ម្តងប្រាប់ថាទុកនៅឯផ្ទះម្ដាយ គឺមិនដឹងថាម៉ូតូនោះជនសង្ស័យយកទៅលក់នៅទីណានោះទេ។ ខណៈនោះប្រជាពលរដ្ឋក៏បាននាំគ្នាស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើងបណ្ដាលឱ្យជនសង្ស័យរងរបួសយ៉ាងដំណំ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកបានចុះមកដល់កន្លែងកើតហេតុធ្វើការសួរនាំ និងបានទំនាក់ទំនងទៅហៅរថយន្តសាមុយមកដឹកជនសង្ស័យដែលរងរបួសយ៉ាងដំណំ នោះទៅសង្គ្រោះនៅមន្ទីរពេទ្យបណ្ដោះអាសន្ន ហើយនឹងធ្វើការសួរនាំបន្តនៅពេលក្រោយ៕
ដោយ៖ សុខាសែនជ័យ