ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បានជំរុញមន្ដ្រីខណ្ឌទាំង១៤និងមន្ទីរទាំងអស់ត្រូវអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានណែនាំឲ្យកងកម្លាំងប្រដាប់អាវុធ, អាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរទាំងអស់ចំណុះឱ្យគណៈបញ្ជាការឯក ភាពរដ្ឋបាលរាជធានីភ្នំពេញ ត្រូវអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ការណែនាំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិនិងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោករ័ត្ន ស្រ៊ាង  មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងអភិបាលខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងមកនេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ជាកម្មវិធីនយោបាយសម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ។យុទ្ធសាស្ត្របញ្ចកោណនេះត្រូវបានផ្តោតយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍធនធានមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជននិងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាពនិងបរិយាប័ន្ននិងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។

លោកឃួង ស្រេង បានបញ្ជាក់ថា៖ ការបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ គឺដើម្បីជំរុញអោយកងកម្លាំងមានសមត្ថកិច្ចទាំងអស់, អាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អោយទទួលបានជោគជ័យ ។ ក្នុងយុទ្ធសាស្ត្របញ្ចកោណនេះ គឺបានគិតគូរពីសុខុមាលភាពប្រជាពលរដ្ឋ ការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំពោះប្រជាពលរដ្ឋក្រីក្រមិនមានលទ្ធភាពសិក្សារៀនសូត្រ ការផ្តល់ជំនួយសង្គម ដោយមិនទុកអោយប្រជាពលរដ្ឋស្លាប់ដោយអត់បាយ ។ ការអនុវត្តវិធានការ ធ្វើយ៉ាងណាអោយភូមិ សង្កាត់មានសុវត្ថិភាព ការខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនិងសំណង់មិនមានច្បាប់ជាដើម។

  លោក ឃួង ស្រេង ក៏បានជំរុញឱ្យកងកម្លាំងមានសមត្ថកិច្ច និងគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវសំលៀងកាំបិតអោយមុត ដើម្បីបង្ក្រាបល្បែងស៊ីសងនិងគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួនជាមួយនឹងការត្រៀមកម្លាំងដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ ការត្រៀមលក្ខណៈសម្រាប់ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនិងកឋិនទាន។

បន្ថែមពីនេះ ក្នុងកិច្ចប្រជុំនេះដែរ លោក ឃួង ស្រេង ក៏បានណែនាំអោយមន្ត្រីទាំងអស់សិក្សាស្វែងយល់អោយបានច្បាស់លាស់ពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ហើយបើមិនយល់ត្រូវពិគ្រោះឬសួរទៅថ្នាក់លើបន្ថែម ដើម្បីយកមកអនុវត្តអោយបានត្រឹមត្រូវនិងទទួលបានជោគជ័យ៕

ដោយ ៖ សំរិត


ចែករំលែក៖