ព័ត៌មានទាន់ហេតុការណ៍៖

សន្ទុះនៃការលក់គ្រំចំពុះទា ទាំងទីផ្សារក្នុងស្រុក និងនាំចេញទៅលក់ក្រៅប្រទេស គឺមានការកើនឡើង

ចែករំលែក៖

ភ្នំពេញ​៖​ បើតាមកាបញ្ជាក់ពីអនុប្រធានតំបន់ការពារធម្មជាតិ ពាមក្រសោប ខេត្តកោះកុង លោក វង្ស តារា បានឱ្យដឹងថា​ បើគិតមកដល់ពាក់កណ្តាល ខែកញ្ញា​ ឆ្នាំ២០២៣នេះ សន្ទុះនៃការលក់គ្រំចំពុះទា ទាំងទីផ្សារក្នុងស្រុក និងនាំចេញទៅលក់ក្រៅប្រទេស ពិសេសប្រទេសថៃ គឺមានការកើនឡើង។ គិតមកដល់ពេលនេះ បរិមាណលក់ចេញ ប្រមាណជាង ២.៤០០ តោន។ បើតាមទំហំការលក់ ដូចសព្វថ្ងៃ លោករំពឹងថា អាចនឹងឡើងដល់ជិត ៣.០០០ តោន គ្រប់ ឬអាចលើសផែនការផង។

លោកអនុប្រធានតំបន់ការពារធម្មជាតិ​ បានបញ្ជាក់បន្ថែមថា៖ ក្នុងឆ្នាំនេះដែរ ទីផ្សារនាំគ្រំចំពុះទា ចេញទៅ កាន់ប្រទេសថៃ ប្រមាណ ៧៥ ភាគរយ ដោយក្នុងមួយថ្ងៃ នាំចេញបរិមាណប្រមាណ ៥០ ទៅ ៦០ តោន។ បរិមាណនេះ នៅតែរក្សាថេរ បើទោះបីរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ប្រទេសវៀតណាម ដែលធ្លាប់តែទិញគ្រំចំពុះទា ក្នុងមួយថ្ងៃ ចាប់ពី ១០ តោន ឡើង បានផ្អាកសកម្មភាព ចាប់ពីជំងឺកូវីដ ១៩ រាតត្បាត មកក៏ដោយ។

សូមជម្រាបជូនថា​ សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប មានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ហើយគិតមកដល់ខែកញ្ញានេះ​ រដូវកាលប្រមូលគ្រំចំពុះទា ឬអ្នកស្រុក ហៅថា ខ្យងចំពុះទា ជិតបិទបញ្ចប់ហើយ និងបើគិតពីបរិមាណ នៃការលក់គ្រំចំពុះទា នាឆ្នាំនេះ នៅតំបន់ការពារធម្មជាតិ ពាមក្រសោប ខេត្តកោះកុង បានប្រមាណជាង ២.៤០០ តោន ដែលចំនួននេះកើនឡើង បើធៀបនឹងឆ្នាំ២០២២ ការលក់ចេញ មានត្រឹមតែជាង ២.០០០ តោន បន្តិចបន្តួចប៉ុណ្ណោះ។​ ចំណែក​ក្រុមប្រជាសហគមន៍ចិញ្ចឹមគ្រំចំពុះទា សម្រាប់ផ្តត់ផ្គង់ លើទីផ្សារបានប្រមាណ ២.៥០០ ទៅ ៣.០០០ តោន ក្នុងមួយរដូវ។ ពួកគាត់ចាប់ផ្តើម ប្រមូលផល ពីខែវិច្ឆិកា ដល់ខែមីនា ជារៀងរាល់ឆ្នាំ។​

ជាមួយគ្នានោះ​ អ្នកចិញ្ចឹមគ្រំចំពុះទា ដែលមានឈ្មោះបោះសម្លេងមួយរូប និងជាអ្នក វេចខ្ចប់គ្រំចំពុះទា លក់ក្នុងស្រុកផង ក៏បានឱ្យដឹងដែរថា៖”មកដល់ជិតពាក់កណ្តាល ខែកញ្ញា ឆ្នាំ២០២៣នេះ ការលក់គ្រំចំពុះទា បានប្រមាណជាង ៨០ ភាគរយហើយ ការប្រមូលផលនេះដែរ គឺចុងដៃ។ យើងឃើញថា ការគាំទ្ររបស់អតិថិជនក្នុងស្រុក បានកើនឡើងប្រមាណ ២៥ ភាគរយ ដែលកាលពីមុន ការលក់ក្នុងស្រុក បានតែ ប្រមាណ ១០-១៥ ភាគរយប៉ុណ្ណោះ។ ការលក់គ្រំចំពុះទា ក្នុងស្រុក ច្រើនតែតាមផ្សារ ទំនើបតូចធំ ភោជនីយដ្ឋាន ជាដើមតែប៉ុណ្ណោះ។ ពេលនេះ គ្រំចំពុះទាដែលកែច្នៃរួច ហើយ លក់ចេញក្នុងមួយខែ បានជិត ២ តោន បើគិតជាឆ្នាំនេះ បានប្រមាណជិត ២០ តោនផងដែរ។

ដោយឡែកឈ្នួញកណ្តាលដែលនាំគ្រំចំពុះទា ទៅកាន់ទីផ្សារប្រទេសថៃ លោក វិ ឆេ បានបញ្ជាក់ដែរថា៖ គ្រំចំពុះទា ប្រទេសកម្ពុជា មានទីផ្សារល្អ នៅប្រទេសថៃ ដោយសារសាច់ វាទន់ មានខ្លាញ់ និងសាច់ច្រើន។ នៅទីនោះ គេក៏ចូលចិត្តបរិភោគ។ ជាទូទៅ នៅរដូវប្រមូលផល ការនាំាចេញទៅប្រទេសថៃ ក្នុងមួយថ្ងៃ មិនទាបជាង ៥០ តោនទេ។

សូមជម្រាបជូនថា​ ចំពោះគ្រំចំពុះទា សម្រាប់នៅប្រទេសកម្ពុជា ទីតាំងដែលមានគ្រំចំពុះ ទានេះ មាន ៣ កន្លែង ក្នុងខេត្តកោះកុង ដែលស្ថិតនៅភូមិសាស្រ្ត ដែនជម្រកសត្វព្រៃ ពាមក្រសោប គឺទី១៖ មុខលំហ, ពាមក្រសោបចាស់, ទី២៖ នៅកោះកាង និងទី៣៖ ចំណុចឡាំដាំ ជាប់នឹងឈូងជ្រោយប្រស់។ សម្រាប់ទីផ្សារ ដែលធំជាងគេ គឺនៅពាមក្រសោបនេះតែម្តង។

គ្រំចំពុះទា ត្រូវបានប្រជាសហគមន៍ តំបន់ការពារធម្មជាតិ ពាមក្រសោប ខេត្តកោះកុង ចិញ្ចឹមតាមបែបធម្មជាតិ តាមរយៈការបោះបង្គោលចំនួនចាប់ពី ១ពាន់ ដល់ជាង ១សែនបង្គោល នៅក្នុងផ្ទៃដៃទឹកសមុទ្រ។ គ្រំប្រភេទនេះ នឹងផ្តល់ផលចាប់ ពីខែវិច្ឆិកា ដល់ខែមីនា ជារៀងរាល់ឆ្នាំ។ សម្រាប់គ្រំចំពុះទាស្រស់ ទាំងសម្បក មានតម្លៃចន្លោះពី ១.០០០ ដល់ ២.០០០ រៀល ក្នុងមួយ គីឡូក្រាម និងបកសម្បករួច មានតម្លៃ ៤០.០០០ – ៦០.០០០ រៀល ក្នុង ១ គីឡូក្រាម ដែលធ្វើឱ្យសហគមន៍នេះ ក្នុងមួយគ្រួសារ អាចរកចំណូលបានប្រមាណ ៤ពាន់ ទៅ ៦ពាន់ ដុល្លារ ក្នុងមួយឆ្នាំទៀតផង៕

ដោយ​៖ សហការី​


ចែករំលែក៖