ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានស្តីពី ជំនួបសវនាការរវាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ២០

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានស្តីពី  ជំនួបសវនាការរវាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ២០ នៃសមាគមជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ជាមួយប្រធានប្រតិភូមកពីសហព័ន្ធអន្តរជាតិ, ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងប្រធានប្រតិភូនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១។

នៅព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ២០ នៃសមាគមជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ បានអញ្ជើញទទួលស្វាគមន៍ និងជួបសវនាការជាមួយ ប្រធានប្រតិភូ មកពីសហព័ន្ធអន្តរជាតិ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ប្រចាំប្រទេសកម្ពុជា-ឡាវ- ថៃ-វៀតណាម, ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ប្រចាំទីក្រុងបាងកក និងប្រធាន ប្រតិភូនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១ ដែលជំនួបនេះ ធ្វើឡើងមុនពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទ ក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។

ក្នុងឱកាសនៃជំនួបនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវក្ដីសោមនស្ស រីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះ លោក លោកស្រី តំណាងប្រធានប្រតិភូមកពីសហព័ន្ធ អន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក, ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ប្រចាំទីក្រុង បាងកក, និងសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ទាំង ១១ ដែលបាន អញ្ជើញមកដល់រាជធានីភ្នំពេញ កាលពីថ្ងៃ ១៩ និង ២០ កញ្ញានេះ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណចំពោះ លោក លោកស្រី ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៅថ្ងៃទី២១-២២ កញ្ញា នេះ និងបានចាត់យុវជនមក ចូលរួមវេទិកាយុវជនលើកទី២ ពីថ្ងៃទី ១៧ ដល់ថ្ងៃ ២០កញ្ញា។ ទន្ទឹមនឹងនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណចំពោះ លោក លោកស្រី ប្រធានប្រតិភូ មកពី កាកបាទក្រហមឡាវ, កាកបាទក្រហម មីយ៉ាន់ម៉ា, កាកបាទក្រហម ទីម័រខាងកើត, និងកាកបាទក្រហមវៀតណាម ដែលបានចូល រួមដាំដើមឈើនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា កាលពីថ្ងៃទី ២០ កញ្ញា ម្សិលមិញ។ ការណ៍ ដើមឈើនេះ គឺជាចំណែកមួយនៃការទទួលខុសត្រូវរួម របស់សមាគមជាតិភូមិភាគអាស៊ីអាគ្នេយ៍របស់យើង  ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ក្នុងវិស័យមនុស្សធម៌ ដែលកើតមានថ្មីៗបន្ថែមទៀត និងជាការ បណ្តុះថែមទៀត នូវក្តីស្រឡាញ់ និងឆន្ទៈនៃការលើកកម្ពស់យុវជនចូលរួមដោះស្រាយបញ្ហាមនុស្សជាតិ និង បញ្ហាប្រឈមជាសកលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសបញ្ជាក់ថា៖ “កិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមជាតិ ទាំង ១១ បានដំណើរការជាបន្តបន្ទាប់ពុំមានការអាក់ខានឡើយតាំងពីឆ្នាំ២០០៣។ បើទោះបីមានស្ថានភាព ជំងឺកូវីដ-១៩ ក៏ដោយក៏យើងបានរក្សាកិច្ចប្រជុំថ្នាក់ដឹកនាំរបស់យើងតាមប្រព័ន្ធអនឡាញដែរ។ កិច្ចប្រជុំ ប្រចាំឆ្នាំ២០២៣នេះ បានបើកឱកាសឱ្យយើង អាចវាយតម្លៃបាន លើកិច្ចការដែលយើងបានសម្រេចរួមគ្ន ក្នុងឆ្នាំ២០២២ និងពិនិត្យការអនុវត្តសេចក្ដីថ្លែងការណ៍ ទីក្រុងបានដាសេរី បេហ្គាវ៉ាន ឆ្នាំ២០២២ តាមរយៈ កិច្ចសហប្រតិបត្តិការ និងការពង្រឹងភាពជាដៃគូ, ការធានាបានថាបណ្តាញការងារនានា នៅក្នុងភូមិភាគ របស់យើងមានគណនេយ្យភាព ចំពោះកិច្ចប្រជុំថ្នាក់ដឹកនាំ។ ជាមួយគ្នានេះ យើងពង្រឹងបានវប្បធម៌ នៃការ រួមកម្លាំងគ្នាដោះស្រាយបញ្ហាប្រឈមក្នុងភូមិភាគ និងស្វែងរកដំណោះស្រាយថ្មីក្នុងវិស័យមនុស្សធម៌ ដែល នឹងលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផល ថែមទៀត។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ផងដែរថា៖ “កិច្ចប្រជុំថ្នាក់ដឹកនាំឆ្នាំ២០២៣ របស់យើងនេះ មានសមាសភាពថ្នាក់ដឹកនាំ និងប្រតិភូជំនាញជិត ៦០នាក់ និងយុវជនជាអ្នកសង្កេតការណ៍ ៣៤នាក់ មកពីសមាគមជាតិទាំង១១។ ក្នុងនាមម្ចាស់ផ្ទះ កាកបាទក្រហមកម្ពុជា ក៏បានអនុញ្ញាតឱ្យតំណាង សាខាទាំង ២៥ រាជធានី-ខេត្ត ជាង ៥០នាក់ ចូលរួមជា អ្នកសង្កេតការណ៍ផងដែរ ព្រោះអ្នកទាំងអស់នោះ គឺជាកម្លាំងនៅតាមបណ្តាខេត្ត ដឹកនាំកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា នៅតាមសហគមន៍ មូលដ្ឋាន ធ្វើសកម្មភាពដូចភ្លៀងរលឹម ដើម្បីប្រជាពលរដ្ឋងាយរងគ្រោះរបស់យើង។”

ជាកិច្ចឆ្លើយតប ប្រធានប្រតិភូទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ ចំពោះការទទួលស្វាគមន៍ យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចដោយផ្ទាល់នាពេលនេះ ដែលនេះជាកាយវិការគួរជាទីគោរពស្រឡាញ់ មានភាពកក់ក្ដៅ ប្រកបដោយមិត្តភាព និងសាមគ្គីភាព។

ប្រធានប្រតិភូទាំងអស់ ក៏បានថ្លែងនូវការកោតសរសើរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសន ចំពោះការរៀបចំឱ្យមានដំណើរទស្សនកិច្ចសិក្សានៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដោយឆ្លុះបញ្ចាំង ឱ្យឃើញពីការដឹកនាំដ៏មានឋាមភាពរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការ ជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅតាមសហគមន៍។

ជាមួយគ្នានេះ គណៈប្រតិភូទាំងអស់ ក៏បានចាប់អារម្មណ៍យ៉ាងខ្លាំង និងថ្លែងការកោតសរសើរ ចំពោះសោភ័ណភាពរាជធានីភ្នំពេញ ភាពទាក់ទាញនៃការរីកចម្រើន និងវឌ្ឍនភាពរបស់ព្រះរាជាណាចក្រ កម្ពុជា ក្រោមម្លប់សន្តិភាព និងជឿជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងបន្តការអភិវឌ្ឍឥតឈប់ឈរលើគ្រប់ វិស័យ តាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា៕

ដោយ ៖ សិលា


ចែករំលែក៖