ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ បង្ហាញកង្វល់អំពីអស្ថិរភាពពិភពលោក និងភាពតានតឹងផ្នែកភូមិសាស្រ្ដនយោបាយក្នុងមហាសន្និបាត UN

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសថ្លែងសុន្ទរកថា នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក, រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងមានប្រទេសសមាជិកអង្គការសហប្រជាជាតិ​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញកង្វល់អំពីអស្ថិរភាពពិភពលោក និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្រ្ដនយោបាយដែលយើងទាំងអស់គ្នាកំពុងជួបប្រទះនាពេលនេះ។

​សម្ដេចធិបតី បានថ្លែងអបអរសាទរចំពោះលោក ដេននីស ហ្វ្រង់ស៊ីស ដែលបានជាប់ឆ្នោតធ្វើជាប្រធានសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិដោយសមស្របនឹងកាលៈទេសៈ និងបរិបទសកលលោកនាពេលនេះ។ សម្ដេចធិបតី​ ថ្លែងបន្តថា ការពិភាក្សាក្រោមមូលបទការកសាងទំនុកចិត្ត និងការជំរុញសមគ្គីភាពសកលឡើងវិញ ការពន្លឿនសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្ពោះទៅរកសុខសន្ដិភាព វិបុលភាព ការរីកចម្រើន និងចីរភាពសម្រាប់ទាំងអស់គ្នាក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ។

សម្ដេចធិបតី​ ថ្លែងថា​ សម្ដេចមានកង្វល់មួយអំពីអស្ថិរភាពពិភពលោក និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្រ្ដនយោបាយដែលយើងទាំងអស់គ្នាកំពុងជួបប្រទះនាពេលនេះ។ ការវិវត្តកាន់តែដុនដាបនៃសង្គ្រាមនៅអ៊ុយក្រែន និងផលលំបាកដ៏ធ្ងន់ធ្ងរនៃសង្គ្រាម សបញ្ជាក់ពីការបាត់បង់ជំនឿពីរដ្ឋសមាជិក និងកង្វះទំនុកចិត្តទៅលើពហុភាគីនិយម។ 

សម្ដេចធិបតី​ ថ្លែង​ថា ប្រទេសកម្ពុជា ប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកទាំងអស់ ក្រោមស្ថាប័នអង្គការសហប្រជាជាតិ ដ៏ឧត្តុង្គឧត្តមនេះ ដើម្បីសម្រេចបានសេចក្ដីប្រាថ្នារួម។ 

សម្ដេចធិបតី គូសបញ្ជាក់​ថា ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចបានរុញច្រានឱ្យមានការបង្វែរធនធានយកទៅប្រើប្រាស់ ក្នុងគោលដៅពង្រីក សមត្ថភាពផ្នែកសន្ដិសុខវិញ ដើម្បីដោះស្រាយផប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ និងការខិតខំសម្ដេចរបៀបវារៈឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកនា់តែខ្សត់ខ្សោយទៅៗ។

សម្ដេចធិបតី ថ្លែង​ថា ការប្រែប្រួលអាកាសធាតុក៏បានគំរាមកំហែងដល់អត្ថិភាពនៃមនុស្សជាតិផងដែរ។ បើគ្មានសកម្មភាពប្រកបដោយមហិច្ឆតា និងបន្ទាន់របស់ប្រទេសទាំងអស់ទេ ពិភពលោកនឹងជួបប្រទះការកើនឡើងនៃអត្រាភាពក្រីក្រ ភាពអត់ឃ្លាន ហានិភ័យនៃជំងឺរាតត្បាត និងវត្តដ៏ជ្រាលជ្រៅនៃអស្ថិរភាព និងជម្លោះ។ 

សម្ដេចធិបតី​ ថ្លែងថា ឥឡូវនេះ ជាពេលវេលាចាំបាច់ ដើម្បីស្ដារឡើងវិញនូវទំនុកចិត្ត ផ្នែកសន្ដិសុខជាយុទ្ធសាស្រ្ដរវាងប្រទេសជាតិទាំងអស់ និងទំនុកចិត្តទៅលើប្រព័ន្ធសកលដែលផ្អែកលើវិធានការច្បាប់។ ការណ៍នេះតម្រូវឱ្យរដ្ឋទាំងអស់គោរពឱ្យបានពេញលេញនូវច្បាប់ និងបទដ្ឋានអន្តរជាតិ រួមទាំអគោលការណ៍ដែលមានចែកក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ សម្ដេចធិបតី​ ថ្លែង​បញ្ជាក់ថា ប្រទេសជាសមាជិកទាំងអស់ត្រូវពង្រឹង និងបង្កើនអំណាចកោះប្រជុំនៃប្រព័ន្ធអង្គការសហប្រជាជាតិ ដើម្បីជំរុញសមគ្គីភាព សកលឡើងវិញ និងវិបុលភាពកាន់តែប្រសើរសម្រាប់ទាំងអស់គ្នា។ 

បន្ថែមពីនេះ​ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា​ ការងារសំខាន់បំផុតនោះ គឺត្រូវផ្ដោតលើការដោះស្រាយបញ្ហាអភិវឌ្ឍន៍ និងការការពារការរីករាលដាលនៃជម្លោះដែលកំពុងកើតមាន។ នៅក្នុងន័យនេះកម្ពុជាមានការវាយតម្លៃខ្ពស់ចំពោះ «របៀបវារៈថ្មីសម្រាប់សន្តិភាព»៕

ដោយ​៖ ស​ តារា


ចែករំលែក៖