ភ្នំពេញ ៖ ក្រសួងបរិស្ថាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបដិសេដជុំវិញការផ្សាយព័ត៌មានមិនពិតរបស់បណ្ដាញផ្សព្វផ្សាយមួយចំនួនដែលធ្វើឱ្យមានការភាន់ច្រឡំលើករណីឥណទាន កាបូននៃការអនុវត្តគម្រោងរេដបូក (REDD+) នៅកម្ពុជា។
ជុំវិញការផ្សព្វផ្សាយមិនពិតរបស់បណ្ដាញសារព័ត៌មាននេះ ក្រសួងបរិស្ថានបានចេញបំភ្លឺចំនួន៣ចំណុចដូចខាងក្រោម៖
១, ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តគម្រោងរេដបូក (REDD+) សម្រាប់ឥណទានកាបូនដោយមាន យន្តការជាតិ និងអន្តរជាតិច្បាស់លាស់ក្នុងការវាយតម្លៃ និងការធ្វើសវនកម្ម ដើម្បីធានាបាននូវការ ការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិ ដែលសម្បូរដោយព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត។
២, ក្រសួងបរិស្ថាន បានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ព្រមទាំងបានប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ ក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសក្នុងគម្រោងរេដបូក (REDD+) ដោយជំរុញ ការអនុវត្តច្បាប់១០០ភាគរយ ដោយបានប្រើប្រាស់ និងបានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គណៈមេធាវី និងក្រសួងយុត្តិធម៌ ក្នុងការស៊ើបអង្កេត បង្ក្រាបបទល្មើសធនធានធម្មជាតិ។
៣, យន្តការសវនកម្មឯករាជ្យអន្តរជាតិបានផ្ទៀងផ្ទាត់ធ្វើសវនកម្មឥណទានកាបូននៃគម្រោងរេដបូក (REDD+) បានបញ្ចប់ និងបើកផ្លូវសម្រាប់ធ្វើពាណិជ្ជកម្មឥណទានកាបូនកម្ពុជាឡើងវិញ ចាប់ពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបានផ្អាកអស់រយៈពេលជាងមួយឆ្នាំ ដើម្បីផ្ទៀងផ្ទាត់ឡើងវិញនេះ។
ចំណុចនេះ ក្រសួងបរិស្ថានគូសបញ្ជាក់ថា ការអនុញ្ញាតឱ្យលក់ឥណទានកាបូនឡើងវិញនេះ គឺឆ្លុះបញ្ចាំងយន្តការរេដបូក (REDD+) នៅកម្ពុជាកំពុងដំណើរការល្អ បម្រើឱ្យផលប្រយោជន៍ដល់ការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវភាព ប្រជាសហគមន៍នៅតាមមូលដ្ឋានកាន់តែប្រសើរ៕
ដោយ ៖ សិលា