ព័ត៌មានទាន់ហេតុការណ៍៖

សង្រ្គាមមជ្ឈិមបូព៌ានិងអ៊ុយក្រែន នឹងត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G7

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកានេះបានផ្សាយថា រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេស G7 កំពុងជួបប្រជុំគ្នានៅក្បែរទីក្រុង Rome សម្រាប់កិច្ចពិភាក្សារយៈពេលពីរថ្ងៃ ជុំវិញបញ្ហានៅមជ្ឈិមបូព៌ា ជាមួយសមភាគីក្នុងតំបន់ មុនចូលដល់បញ្ហារុស្ស៉ី និងសង្រ្គាមអ៊ុយក្រែន។
ក្រសួងការបរទេសអ៉ីតាលី បានឱ្យដឹងថា រដ្ឋមន្រ្តី G7 ក៏នឹងជជែកអំពីដីកាចាប់ខ្លួនលោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល Benjamin Netanyahu និងមេដឹកនាំក្រុមហាម៉ាស់របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ផងដែរ រួមទាំងផលប៉ះពាល់ដែលអាចកើតមានពីវិបត្តិបច្ចុប្បន្ននៅឯលីបង់ និងហ្កាហ្សា។ លោក Antony Blinken រដ្ឋមន្រ្តីការបរទេសអាមេរិក នឹងចូលរួមកិច្ចពិភាក្សានៅសហគមន៍ Fiuggi និង Anagni រួមជាមួយរដ្ឋមន្រ្តីមកពីប្រទេស G7 ផ្សេងទៀតដូចជា ចក្រភពអង់គ្លេស កាណាដា អាល្លឺម៉ង់ បារាំង ជប៉ុនជាដើម ដោយមានលោក Antonio Tajani អនុប្រធានាធិបតីអ៉ីតាលី ទទួលដឹកនាំកិច្ចប្រជុំ។
សម័យប្រជុំដំបូងនៅល្ងាចថ្ងៃចន្ទនេះ ផ្តោតលើស្ថានភាពតំបន់មជ្ឈិមបូព៌ា សមុទ្រក្រហម ជាពិសេសការឈានទៅសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា និងលីបង់។ ក្នុងនោះចូលរួមដោយ រដ្ឋមន្រ្តីមកពីអារ៉ាប៊ីសាអូ៊ឌីត អេហ្ស៉ីប ហ៊្សកដានី អេមីរ៉ាត់អារ៉ាប់រួម និងកាតារ ក៏ដូចជាអគ្គលេខាធិការនៃសម្ព័ន្ធអារ៉ាប់។ នៅថ្ងៃបន្ទាប់ កិច្ចពិភាក្សានឹងផ្តោតលើសង្រ្គាមអ៊ុយក្រែន ដែលរដ្ឋមន្រ្តីការបរទេស លោក Andriy Sybiga ក៏មកចូលរួមដែរ។ ក្រុមមន្រ្តី នឹងរកវិធីសាស្រ្តដើម្បីបន្តការគាំទ្រសម្រាប់ទីក្រុងកៀវ ទស្សនវិស័យសន្តិភាព និងគំនិតផ្តួចផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។
អំឡុងពេលដូចគ្នានេះ នៅឯទីក្រុងព្រុចសែល ឯកអគ្គរដ្ឋទូតមកពីប្រទេសសមាជិកអង្គការណាតូ និងអ៊ុយក្រែន ត្រូវរៀបចំកិច្ចពិភាក្សាគ្នា ជុំវិញការបាញ់សាកល្បងមីស៉ីលរយៈចម្ងាយមធ្យម ល្បឿនលឿនជាងសំលេងរបស់រុស្ស៉ី៕

ដោយ៖ ធីរីណា(រូប​ថត​៖ Vietnamnet)


ចែករំលែក៖