ក្នុងដំណើរទស្សនកិច្ចរយៈវែងទៅកាន់ប្រទេសរុស្ស៊ី ភាគីទាំងពីរបានបើកចំហពីទំនាក់ទំនងទ្វេភាគី លើគ្រប់វិស័យ ។ ក្នុងពេលនេះដែរក៏កូរ៉េខាងជើងមិនបំភ្លេចប្រទេសចិននោះដែរ ដោយប្រកាសពង្រឹងទំនាក់ទំនងបន្ថែមទៀត។
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា ប្រមុខដឹកនាំកំពូលនៃកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាថា នឹងបង្កើនទំនាក់ទំនងប្រកបដោយកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនបន្ថែមទៀត ក្នុងសារលិខិតមួយផ្ញើទៅកាន់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ក្នុងសប្តាហ៍នេះ។
ដំណឹងនៃការផ្ញើលិខិតខាងលើ ត្រូវបានរាយការណ៍នៅថ្ងៃអាទិត្យនេះ ដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។ បើតាម KCNA លិខិតនោះគឺជាសារឆ្លើយតបចំពោះការអបអរសាទររបស់លោក ស៉ី ដែលបានផ្ញើទៅកាន់លោក គីម ជុងអ៊ុន សម្រាប់ឱកាសខួបនៃការបង្កើតប្រទេសកូរ៉េខាងជើង នាពេលកន្លងទៅក្នុងខែកញ្ញានេះ។ ក្នុងសារអបអរនោះ លោកប្រធានាធិបតីចិនបានបង្ហាញពីឆន្ទៈដើម្បីបន្តពង្រឹងការធ្វើទំនាក់ទំនងជាយុទ្ធសាស្រ្តនឹងគ្នា ក៏ដូចជាកិច្ចសហប្រតិបត្តិការកម្រិតការងារ។
លិខិតរបស់លោក គីម ដែលបានផ្ញើទៅកាន់លោក ស៉ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះវិញ លោកមេដឹកនាំកូរ៉េខាងជើង បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការកូរ៉េខាងជើង-ចិន នឹងបន្តអភិវឌ្ឍទៅមុខដោយស្ថិរភាព ស្របជាមួយតម្រូវការនៃសម័យកាលថ្មី និងការចង់បានរបស់ប្រជាជននៃប្រទេសទាំង២នាពេលអនាគត»៕ ដោយ៖ ធីរីណា
រូបថត៖ AP