ព័ត៌មានទាន់ហេតុការណ៍៖

សូមប្រយ័ត្ន! ស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ ស្រុកកណ្ដៀង ខណៈស្រុកវាលវែងទើបលិចលង់រួច

ចែករំលែក៖

   ខេត្តពោធិ៍សាត់ ៖ លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឱ្យដឹងជា បឋមនៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះថា បន្ទាប់ពីមានធ្លាក់ភ្លៀងខ្លាំងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅស្រុកវាលវែងមានការជន់លិចស្ទើរគ្រប់តំបន់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងនិងក្បែរៗអូរ រួមទាំងរងផលប៉ះពាល់ដល់ផលដំណាំបងប្អូនប្រជាកសិករមួយចំនួនធំផងដែរ។ ហេតុការណ៍គ្រោះធម្មជាតិយ៉ាងលឿនរហ័សនេះ មន្រ្តីរាជការ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ស្ថាប័ននៃស្រុកវាលវែងបានបែងចែកទិសដៅចុះអន្តរាគមន៍ដើម្បីជួយសម្រួលប្រជាពលរដ្ឋ ក្នុងនោះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានដឹកនាំក្រុមការងារនិងកម្លាំងស្ថាប័នចុះទាំងយប់ ដើម្បីជួយធ្វើអន្ដរាគមន៍ឱ្យអស់លទ្ធភាព ដែលអាចធ្វើទៅបាន ។

    ក្នុងរបាយការណ៍ជាបឋមលោក អធិការឱ្យដឹងទៀតថា លទ្ធផលនៃការខូចខាតមិនទាន់ដឹងច្បាស់នៅឡើយទេនាព្រឹកនេះ ខណៈដែលកាលពីយប់មិញសន្ទុះទឹកហូរកួចបុកខាំង។ល។ ប៉ុន្តែទឹកស្ទឹងបានស្រកបណ្ដើរៗខ្លះហើយ ។

  ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នថែមទៀត! ជាពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់រហូតដល់លំហទន្លេសាប ដូចជាៈ ស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ ស្រុកកណ្ដៀង ប្រឈមនឹងការលិចលង់បន្តខណៈនៅស្រុកវាលវែងទឹកបានស្រកហើយ ប៉ុន្តែស្ថានភាពផ្ទៃមេឃនៅអាប់អួនៅឡើយ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖