ព័ត៌មានទាន់ហេតុការណ៍៖

ចាក់ធុងបាសលឺៗពេលយប់ជ្រៅ​ ខណៈសមត្ថកិច្ចចុះណែនាំ មិនស្តាប់ថែមទាំងជេរប្រមាថ រួចអួតថា «ជាថ្នាក់លើ ខ្សែធំណាស់»​ មានអីឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៥នាក់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច​ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៥នាក់ បញ្ជូនទៅកាន់ប៉ុស្ដិ៍រដ្ឋបាលនគរបាលសង្កាត់ភ្នំពេញថ្មីទាំងកណ្ដាលរាត្រី បន្ទាប់ពីផឹកស៊ីចាក់ធុងបាសបង្កសម្លេងរំខានដល់អ្នកជិតខាង​ កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្បែរផ្សារក្រមួនតាម បណ្ដោយផ្លូវ១៩៧៤ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ។ 

យោងតាមប្រភពពីសមត្ថកិច្ច បានរៀបរាប់ប្រាប់ឲ្យដឹងថា មុននឹងឈានដល់ការឃាត់ក្រុមអ្នកផឹកស៊ីទាំងនោះ គឺមានប្រជាពលរដ្ឋបានទូរស័ព្ទរាយការណ៍មកថា មានមនុស្សមួយក្រុមបានជួបជុំផឹកស៊ីកម្សាន្ដសប្បាយ ដោយមានការចាក់ធុងបាសលឺៗ ហើយនៅវេលាយប់រំលងអធ្រាត្រទៅហើយ នៅតែមិនព្រមឈប់ទៀត ជាហេតុបង្កសម្លេងរំខានយ៉ាងខ្លាំងៗ។

សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋភ្លាម ទើបកម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ និងបានស្នើសុំឱ្យក្រុមអ្នកផឹកស៊ីទាំងនោះ បញ្ឈប់ការចាក់ធុងបាសដែលបង្កការរំខានដល់អ្នកជិតខាងទៀត បន្ទាប់មក សមត្ថកិច្ចក៏ជិះចេញពីទីនោះដើម្បីបន្តការជិះល្បាតនៅក្នុងមូលដ្ឋានជាបន្តទៀត។

សមត្ថកិច្ចបន្តទៀតថា មួយសន្ទុះក្រោយមក ក៏មានប្រជាពលរដ្ឋទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចម្តងទៀតថា ក្រុមអ្នកផឹកស៊ីទាំងនោះនៅតែបន្តចាក់ធុងបាសលឺៗរំខានមិនទាន់ឈប់ទេ ។ សមត្ថកិច្ចក៏ចុះទៅជាលើកទី២ និងបានស្នើសុំទៅពួកគេជាលើកទី២ តែក្រុមអ្នកផឹកស៊ីទាំងនោះ បែរជាស្ដីបន្ទោស និងជេរប្រមាថទៅលើសមត្ថកិច្ចថា «ផឹកស៊ីតិចតួចមិនបាន» និងបានអួតខ្លួនថា «ជាថ្នាក់លើ និងខ្សែធំណាស់» ថែមទាំងមិនស្ដាប់សមត្ថកិច្ច ព្រមទាំងស្រែកឡូឡាផ្អើលគេឯងទាំងកណ្ដាលរាត្រី ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនអ្នកផឹកស៊ីទាំងនោះភ្លាមតែម្ដង។

បច្ចុប្បន្ន ក្រុមអ្នកផឹកទាំង៥នាក់ ក្នុងនោះមានស្រីម្នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីចាត់ការទៅតាមនីតិវិធី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖