ខេត្តពោធិ៍សាត់៖ លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូរអិលធ្លាក់ជង្ហុកដួលខ្លួនឯងបណ្ដាលឱ្យស្លាប់ កាលពីយប់មិញនេះ ស្ថិតនៅលើផ្លូវលំក្រាលក្រួសក្រហម ត្រង់ចំណុចមុខអនុស្ថានីយ ស្ថិតក្នុងភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿង ម៉ាកសេរ៉ុស ពណ៌ស្ករ ពាក់ស្លាកលេខ នគរបាល 1-7679 បើកបរដោយឈ្មោះ នួន ហាច ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់(ស្លាប់) មុខរបរ មន្រ្តីនគរបាល ធ្វើដំណើរពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុស្រាប់តែជិះម៉ូតូរអិលធ្លាក់ជង្ហុកដួលដោយខ្លួនឯង បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
លោកអធិការនគរបាលស្រុកក្រគររូបនេះបានឱ្យដឹងទៀតថា បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន និងកត្តាផ្លូវ។ ចំពោះសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយសបានយកមករក្សាទុកនៅប៉ុស្តិ៍វិញ៕
ដោយ៖សហការី