ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកថា ហ្វីលីពីនក្លាហានការពារអធិបតេយ្យភាពរបស់ខ្លួននៅដែនសមុទ្រ

ចែករំលែក៖

កាលពីថ្ងៃទី ២៨ខែកញ្ញា មន្ត្រីការពារជាតិជាន់ខ្ពស់របស់អាមេរិកបាននិយាយថា ការកាត់ខ្សែរនាំងដែលចិនបានដាក់នៅជុំវិញប្រជុំកោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូងគឺជា “ជំហានដ៏ក្លាហានដើម្បីការពារអធិបតេយ្យភាពរបស់ពួកគេ”។
សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា ហ្វីលីពីនបានអះអាងពីការដករបាំងបណ្ដែតទឹករបស់ចិនដោយជោគជ័យ ហើយចាត់ទុកថារបាំងបណ្ដែតទឹកមានប្រវែងជាង៣០០ម៉ែត្រ ដំឡើងដោយឆ្មាំសមុទ្រចិននៅឯតំបន់មានវិវាទនេះ ជាទង្វើបំពានច្បាប់អន្តរជាតិនិងបង្កគ្រោះថ្នាក់ដល់ការធ្វើនាវាចរ។ ប៉ុន្តែ ទីក្រុងប៉េកាំងក៏បានព្រមានដែរថាកុំឱ្យទីក្រុងម៉ានីលបង្កឱ្យមានបញ្ហា។
យ៉ាងណាក៏ដោយ ជាការបង្ហាញការគាំទ្រដល់ហ្វីលីពីន ឧបការីរងនៃក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកកិច្ចការតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ លោកស្រី Lindsey Ford បានកោតសរសើរយ៉ាងខ្លាំងដល់ហ្វីលីពីនអំឡុងការផ្ដល់សក្ខីកម្មមួយនៅឯសភាអាមេរិកនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញានេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ជាមួយការបញ្ជាក់ឡើងវិញផងដែរពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខនៃសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់អាស៊ី។
ក្រសួងការបរទេសចិន បានចេញមុខការពារសកម្មភាពនៃឆ្មាំសមុទ្ររបស់ខ្លួនថាជាវិធានការចាំបាច់ បន្ទាប់ពីទូកនេសាទហ្វីលីពីនជាច្រើនគ្រឿងបានបំពានចូលដែនទឹកចិនដោយខុសច្បាប់កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

ឧប្បតិ្តហេតុនេះបាននិងកំពុងធ្វើទំនាក់ទំនងរវាងហ្វីលីពីននឹងចិនកាន់តែតានតឹងឡើង ស្របពេលទីក្រុងម៉ានីលកំពុងពន្លឿនការពង្រឹងទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖