ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​វៀតណាម​ កាត់ទោសប្រហារជីវិតមនុស្ស​ ​៤​នាក់​ ពាក់ព័ន្ធ​ការ​លួច​ដឹកជញ្ជូន​ថ្នាំញៀន​ពី​កម្ពុជា​

ចែករំលែក៖

វៀតណាម​៖​ តុលាការ​ក្រុង​ហូជីមិញ​ នៅ​វៀតណាម​ខាងត្បូង​ បានកាត់ទោស​ប្រហារជីវិត​មនុស្ស​បួន​នាក់​ កាលពី​ថ្ងៃ​ទី២៨​ ខែកញ្ញាម្សិលមិញនេះ​ ​ចំពោះ​ការ​លួច​ដឹក​ជញ្ជូន​ថ្នាំញៀន​១២​គីឡូក្រាម​ទៅ​ពី​កម្ពុជា​។​

​​យោងតាម​ក្រុម​រដ្ឋ​អាជ្ញា​ ​បាន​និយាយថា​ វូ ចុង ងៀ​(Vu Trong Nghia) អាយុ​២៨​ឆ្នាំ និង​គូស្នេហ៍​របស់ខ្លួននាង ចាន់ ធី ចាង​( Tran Thi Trang)​អាយុ​៣១​ឆ្នាំ ដែល​ជា​មេក្លោង​នៃ​ការដឹកជញ្ជូននិងជួញដូរថ្នាំញៀន​នេះ​ត្រូវបាន​តុលាការ​ប្រជាជន​ក្រុង​ហូជីមិញ​កាត់ទោស​ប្រហារជីវិត​កាលពីថ្ងៃ២៨កញ្ញា ចំពោះ​ការជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​ ​និង​ស្តុក​ទុក​សព្វាវុធ​យោធា​ដោយ​ខុសច្បាប់​។​ រីឯ​ជន​សមគំនិតឈ្មោះ ផាំ វ៉ាន់ សឺ​ន​(Pham Van Son)​និង​ឈ្មោះ​ ង្វៀន វ៉ាន់ វូ​យ​(Nguyen Van Vui) ក៏​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ផង​ដែរ នៅ​ពេល​ជន​ពាក់ព័ន្ធ​ដទៃទៀត​ជាប់​ទោស​ពី​ប្រាំបី​ឆ្នាំ​ដល់​មួយ​ជីវិត​ចំពោះ​បទ​ចោទប្រកាន់​ដូចគ្នា​។​

​ប្រភព​ដដែល​បន្តថា​ តាមពិតថ្នាំញៀន​ជាក់ស្តែង​ដែល​ក្រុម​នេះ​ជួញដូរ​មាន​បរិមាណ​ច្រើនជាង​នេះ​។​

​គួររម្លឹកថា​ ជនសង្ស័យ​ឈ្មោះ​ងៀ កាលពីខែតុលា ឆ្នាំ​២០១៨ បាន​ឡើង​ពី​ក្រុង​ហា​ហ្វុងទៅ​កាន់​ទីក្រុង​ហូជីមិញ​។​ ​ជន​នេះ​ក្រោយមក​បាន​ស្គាល់​នាង​ចាងនិង​បាន​រស់នៅ​ជាមួយគ្នា​។​នៅពេលដឹង​ថា​នាងចាង​រក​ស៊ីថ្នាំ​ញៀន ពួកគេ​ក៏​ពិភាក្សាគ្នា​អំពី​ការទិញ​ថ្នាំញៀន​ច្រើនៗ​ពី​កម្ពុជា​ទៅ​លក់​នៅ​វៀតណាម​។​

​លុះនៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ឈ្មោះងៀ​ បាន​ឡើង​មក​កម្ពុជា​ដើ​ម្បី​ទាក់ទង​មនុស្ស​ម្នាក់​ឈ្មោះ អា​ជា​(A Chia)​ដើម្បី​ទិញ​ថ្នាំញៀន​។​ ចាប់ពី​ខែ​មករា​ឆ្នាំ​២០១៩ ដល់​មីនាឆ្នាំ​២០១៩ ឈ្មោះ​ ងៀ​ បាន​ទិញ​ថ្នាំញៀន​១២​គីឡូក្រាម រួម​មាន​៖កេតា​មីន​ និង​មេតំ​ហ្វេ​តា​មីនពី​អា​ជា និង​បន្ទាប់មក​ផ្តល់​វា​អោយ​នាង​ចាង​និង​អ្នកសមគំនិត​ដទៃទៀត​យកទៅលក់​។​ ក្នុង​ការជួញដូរ​ក្រោយមកទៀត ឈ្មោះ​ងៀ​ និង​សឺ​ន ព្រមទាំងឈ្មោះ​វូ​យ បាន​ឡើង​មក​កម្ពុជា​ដើម្បី​រក​ទិញ​ថ្នាំញៀន​។​ ហើយ​ឈ្មោះ​ងៀ​ ក៏​បាន​ទិញ​កាំភ្លើងខ្លី​មួយ​ដេីមឱ្យទៅឈ្មោះ​ ​សឺ​ន​ និង​វូ​យ រួម​ជាមួយ​គ្រាប់​១១​គ្រាប់ដើម្បី​ការពារ​ខ្លួន​។​

​ក្រុម​រដ្ឋ​អាជ្ញា​ បាន​ឱ្យ​ដឹង​ទៀត​ថា ឈ្មោះ​សឺ​ន​ បាន​នាំ​ថ្នាំញៀន​ពី​កម្ពុជា​ទៅកាន់​វៀតណាម​ចំនួន​៤​លើក និង​បាន​ចំណាយ​ប្រាក់​១០០​លាន​ដុង​(៤.០៩៨​ដុល្លារ​)​។​ រីឯ​ឈ្មោះ​​វូ​យ​ ​ក៏​បាន​ធ្វើ​ដូច​គ្នា​ចំនួន​៥លើក​ ​និង​ចំណាយ​លុយ​អស់​១១៥លាន​ដុង​។​

​គួរបញ្ជាក់ដែរថា​ ប៉ូលិស​ក្រុង​ហូជីមិញ​មួយក្រុម​ កាលពីថ្ងៃ​២២​ ខែមីនា ឆ្នាំ​២០១៩កន្លងទៅ​ បាន​ត្រួតពិនិត្យ​រថយន្ត​មួយ​នៅ​ផ្លូវបំបែក​ក្នុង​សង្កាត់​លេខ​ប្រាំ និង​បាន​រកឃើញថា សឺ​ន​និង​ងៀ​មាន​កាំភ្លើង​និង​ថ្នាំញៀន​មួយចំនួន​តូច​នៅក្នុង​រថយន្ត​។​ ចំពោះ​ការស៊ើបអង្កេត​បន្ថែម​បង្ហាញ​បណ្តាញ​ថ្នាំញៀន​របស់​ងៀ​និង​ចាង​៕

ដោយ​៖ សហការី​


ចែករំលែក៖