ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូរអិលធ្លាក់ជង្ហុកដួលខ្លួនឯង បណ្ដាលឱ្យស្លាប់នៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ​ បានឱ្យដឹងនៅរសៀលថ្ងៃ​សុក្រ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះថា៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូរអិលធ្លាក់ជង្ហុកដួលខ្លួនឯងបណ្ដាលឱ្យស្លាប់ កាលពីយប់មិញនេះ​ ស្ថិត​នៅលើផ្លូវលំក្រាលក្រួសក្រហម ត្រង់ចំណុចមុខអនុស្ថានីយ ស្ថិតក្នុងភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។

 ប្រភពព័ត៌មាននៅកន្លែងកើតហេតុ​ បានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿង ម៉ាកសេរ៉ុស ពណ៌ស្ករ ពាក់ស្លាកលេខ នគរបាល 1-7679 បើកបរដោយឈ្មោះ នួន ហាច ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់(ស្លាប់) មុខរបរ មន្រ្តីនគរបាល ធ្វើដំណើរពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុស្រាប់តែជិះម៉ូតូរអិលធ្លាក់ជង្ហុកដួលដោយខ្លួនឯង បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ 

 លោកអធិការនគរបាលស្រុកក្រគរ​រូបនេះ​បានឱ្យដឹងទៀតថា បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន និងកត្តាផ្លូវ។​ ចំពោះសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយសបានយកមករក្សាទុកនៅប៉ុស្តិ៍វិញ៕

ដោយ​៖សហការី​


ចែករំលែក៖