ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋលេខាធិការប្រចាំការ ឈា ប៊ុនរិទ្ធ ដឹកនាំកិច្ចប្រជុំជាមួយក្រុមបេសកកម្មវាយតម្លៃគម្រោងជាមុន (pre-appraisal mission) របស់ធនាគារពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ នៅទីស្តីការក្រសួង នាថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ​ក្រសួងធនធានទឹក និងឧតុនិយម និង​ជានាយកអង្គភាពគ្រប់គ្រងគម្រោងដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោក​ បានដឹកនាំ​កិច្ចប្រជុំ​​ជាមួយក្រុមបេសកកម្មវាយតម្លៃគម្រោងជាមុន (Pre-Appraisal Mission) របស់ធនាគារពិភពលោក និង​ស្ថាប័នពាក់ព័ន្ធរួមមាន​ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អង្គការស្បៀងអាហារ និងកសិកម្ម (FAO) និងក្រុមហ៊ុនទីប្រឹក្សា Mekong Water Solution (MWS)។

 ជាកិច្ចចាប់ផ្តើម លោករដ្ឋលេខាធិការប្រចាំការ​​ ប្រធានអង្គប្រជុំ បានថ្លែងនូវមតិស្វាគមន៍​យ៉ាងកក់ក្តៅ​ចំពោះ  លោក លោកស្រី ទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំ និង​បានលើកឡើង​ពីគោល​នយោបាយ របស់រាជរដ្ឋាភិបាល​នីតិកាលទី៧​ នៃរដ្ឋសភា ជាពិសេស​​គឺយុទ្ធសាស្ត្របញ្ចកោណ​ ដំណាក់​កាល​ទី១ ដែល​ផ្ដោត​​​សំខាន់​ទៅលើសន្តិសុខទឹក ហើយដែលមានភាពស៊ីគ្នាជាមួយនឹងគម្រោងកែ​លម្អ​សន្តិសុខ​​ទឹក​នៅ​​កម្ពុជា (CaWSIP) ដែលគាំទ្រហិរញ្ញប្បទានពីធនាគារពិភពលោក។

 ក្នុងឱកាសនេះដែរ តំណាងធនាគារពិភពលោក បានធ្វើបទបង្ហាញស្តីពី សាវតារនៃគម្រោង គោលបំណង​នៃគម្រោង ស្ថានភាព ដំណាក់កាលនៃគម្រោង ព្រមទាំងវឌ្ឍនភាពនៃគម្រោង ជម្រាប​ជូនអង្គ​ប្រជុំ​ទាំង​មូលសម្រាប់ជាធាតុចូល​​ និងមានការជជែកពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធលើការរៀបចំ​ និងការប្រព្រឹត្ត​ទៅ​នៃគម្រោង។

 ជាចុងក្រោយ លោករដ្ឋលេខាធិការប្រចាំការបានថ្លែងអំណរគុណចំពោះធនាគារពិភពលោក និងភាគី​ពាក់ព័ន្ធដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ។​ លោកប្រធានក៏បានលើកទឹកចិត្តឱ្យក្រុម​ការងារ​ទាំង​អស់​មានការចូលរួម និងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យក្រុមបេសកកម្មវាយតម្លៃគម្រោង(Pre-Appraisal Mission) របស់ធនាគារពិភពលោកទទួលបានជោគជ័យផងដែរ។

 គួរបញ្ជាក់ថា គម្រោង CaWSIP នេះកំពុងស្ថិតក្នុងដំណាក់កាលវាយតម្លៃជាមុន (Pre-Appraisal) និង​គ្រោង​​អនុវត្ត​នៅពាក់កណ្តាលឆ្នាំ២០២៤ ខាងមុខ៕

ដោយ : សហការី


ចែករំលែក៖