ព័ត៌មានទាន់ហេតុការណ៍៖

អគារមួយខ្នងតម្លៃជិត ២០លានដុល្លារ ដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តសៀមរាប ៖ អគារមន្ទីរពេទ្យមួយខ្នង កម្ពស់៤ជាន់ ដែលមានតម្លៃសាងសង់ជិត ២០លានដុល្លារ ដែលបំពាក់ដោយបរិក្ខាទំនើបៗជាច្រើន ជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ សម្រាប់បំរើសេវាព្យាបាល និងសង្គ្រោះអ្នកជំងឺ។ នេះជាការបញ្ជាក់ពីខាង អង្គភាព មន្ទីរព័ត៌មាន ខេត្តសៀមរាប នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។ 

លោក សាតូ រីយូតា លេខាទី២ នៃការិយាល័យកុងស៊ុលជប៉ុន បានបង្ហាញថា បច្ចុប្បន្នវិស័យសុខាភិបាលនៅកម្ពុជា មានភាពប្រសើរឡើងជាបណ្តើរៗ ប៉ុន្តែនៅតាមតំបន់ជនបទ ក៏ដូចជាខេត្តសៀមរាប នៅតែមានបញ្ហាច្រើនទាក់ទងទៅនឹងអគារ បរិក្ខាពេទ្យ និងធនធានមនុស្សនេះបើធៀបទៅនឹងរាជធានីភ្នំពេញ។ លោកបន្តថា ចំពោះអគារថ្មីនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបមួយនេះ ត្រូវបានដាក់បញ្ចូលរួមគ្នានូវមុខងារវេជ្ជសាស្ត្រ ដែលកាលពីមុនត្រូវបានដាក់ពង្រាយនៅតាមអគារផ្សេងពីគ្នា។ ជាមួយគ្នានេះបន្ទប់ព្យាបាលត្រូវបានរៀបចំដោយបានពិចារណាលើផ្នែកវេជ្ជសាស្ត្រ ដែលអាចផ្តល់ឲ្យអ្នកជំងឺនូវការថែទាំសុខភាពប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនោះដែរ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា អគារមន្ទីរពេទ្យថ្មីមួយនេះ នឹងធ្វើឲ្យប្រសើរឡើងនូវសេវាសុខាភិបាល ហើយក៏ជាសកម្មភាពចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័ ការធ្វើទំនើបកម្មសុខាភិបាល ដើម្បីលើកកម្ពស់គុណភាព នៃការផ្តល់សេវា ជូនប្រជាជនមួយកម្រិតទៀត។ លោកថា សមិទ្ធផលថ្មីនេះ ក៏ជាចំណងមិត្តភាពសាមគ្គីភាពរវាងកម្ពុជា និងជប៉ុនផងដែរ។

បើតាមលោក វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា អគារថ្មីនេះត្រូវបានផ្តល់ឈ្មោះថា មណ្ឌលផ្តល់សេវាផ្នែកវះកាត់ ។ អគារមន្ទីរពេទ្យនេះ សាងសង់ឡើងក្រោមគម្រោងធ្វើឲ្យប្រសើរឡើងរបស់មន្ទីរពេទ្យបង្អែកខេត្ត ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិ JICA ដែលបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ហើយនឹងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៣នេះ ជាមួយនឹងការ រៀបចំបំពាក់ឧបករណ៍វេជ្ជសាស្រ្តកម្រិតស្តង់ដារមន្ទីរពេទ្យ។ 

លោក វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបញ្ជាក់ឲ្យដឹងថា អគារនេះមានទំហំ ២៥ គុណនឹង ៦៨ម៉ែត្រ មាន៤ជាន់ កំពស់ ២៧.០៥ម៉ែត្រ ដែលសាងសង់ លើផ្ទៃដីចំនួន ៣៨១១ម៉ែត្រការេ ហើយសំណង់នេះ ត្រូវបានរៀបចំប្រព័ន្ធគ្រប់គ្រង និងព្យាបាលតាមលក្ខណៈស្តង់ដារ មន្ទីរពេទ្យ។ ក្រៅពីការរៀបចំរចនាសម្ព័ន្ធខាងក្នុង អគារនេះក៏មានបណ្តាញទំនាក់ទំនង និងមានជណ្តើរថ្មើរជើងចំនួនពីរ និងបំពាក់ជណ្តើរយន្តចំនួនពីរផងដែរ។ សមិទ្ធផលនៃគម្រោងមួយនេះនឹងចូលរួមក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការធ្វើទំនើបកម្មសេវាសុខាភិបាល ពិសេសសេវាផ្នែកវះកាត់ និងប្រពោធនកម្មសង្រ្គោះបន្ទាន់ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកំពស់គុណភាពនៃការផ្តល់សេវាសម្រាប់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានឲ្យដឹងទៀតថា នាពេលអនាគត អគារនេះនឹងប្រើប្រាស់ សម្រាប់ការធ្វើរោគវិនិច្ឆ័យដំបូង ការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាប្រពោធនកម្មវះកាត់សម្រាប់អ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ ដូចជាការវះកាត់ធំៗគ្រប់ឯកទេសទាំងអស់ និងជាកន្លែងសម្រាកព្យាបាលជំងឺទាំងអស់ដែលពាក់ព័ន្ធនឹងការវះកាត់ ព្រមទាំងការរួមបញ្ចូលសេវាគាំទ្រមួយចំនួនទៀតដូចជា សេវារូបភាពវេជ្ជសាស្រ្ត កន្លែងបោកគក់ មណ្ឌលរំងាប់មេរោគលើឧបករណ៍ និងឧបករណ៍ បរិក្ខាពេទ្យ ដែលប្រើប្រាស់ក្រោយពេលវះកាត់ និងផ្នែកពាក់ព័ន្ធផ្សេងទៀត។ ការទទួលបានហេដ្ឋារចនាសម្ព័ន្ធថ្មី និងឧបករណ៍វេជ្ជសាស្រ្តទំនើបនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបក៏ត្រូវធ្វើការដោះស្រាយបញ្ហាកង្វះធនធានមនុស្ស ដែលមានជំនាញសម្រាប់ធានាឱ្យមានការផ្តល់សេវាឱ្យបានរលូន កាន់តែមានគុណភាពនិងប្រសិទ្ធិភាព ធានាធ្វើយ៉ាងណាឱ្យកិច្ចការគ្រប់គ្រងទូទៅឱ្យមានភាពកាន់តែប្រសើរឡើង រួមបញ្ចូលទាំងកិច្ចការថែទាំជួសជុលរាល់ឧបករណ៍ដែលបានបំពាក់ និងហេដ្ឋារចនាសម្ព័ន្ធទាំងមូលផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖