ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងដូនកែវឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីហិង្សា

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យករណីបង្កហិង្សាដោយ ចេតនា៤នាក់ ត្រូវសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ ចាប់ឃាត់ខ្លួន ក្រោយធ្វេីសកម្មភាពវាយតប់លេីជនរងគ្រោះ៣នាក់កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៣និង ៣០ នាទី នៅចំណុចភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

តាមរបាយករណ៍នគរបាលក្រុងដូនកែវឲ្យដឹងថា ជន សង្ស័យដែលឃាត់ខ្លួនមានឈ្មោះ៖ ១-ឈ្មោះ ពក ភិនិន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិពុទ្ធិសាំ ឃុំស្រង៉ែ ស្រុកទ្រាំង,២-ឈ្មោះ ផុន រិទ្ធីសំណាង ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិព្រៃឈេីទាល ឃុំស្រង៉ែ ស្រុកទ្រាំង, ៣-ឈ្មោះ វន សុភាវង់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រៃរុន ឃុំស្រង៉ែ ស្រុកទ្រាំង,ទី-៤ឈ្មោះ ស្រី ចាន់រិទ្ធ ភេទប្រុស អាយុ២០ ទីលំនៅបណ្តោះអាសន្នភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ។ 

របាយណ៍ដដែលបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់មានខ្លះកាន់ជំពាមកៅស៊ូ ខ្លះកាន់ខ្សែក្រវាត់ ធ្វេីសកម្មភាពវាយតប់លេីជនរងគ្រោះ៣នាក់បណ្តាលឱ្យរងរបួស។បន្ទាប់ពីកេីតហេតុនៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៩ធ្នូ ជនរង គ្រោះឈ្មោះ ប៉ិច សុវណ្ណវីផាត់ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ។ 

ក្រោយទទួលពាក្យបណ្តឹងនិងបញ្ជាពីលោកឧត្តម សេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ដោយសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តតាកែវផងនោះ ទេីបឈាន ដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់យកមកសួរនាំ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលេីត្រូវបានឃាត់ ខ្លួនសួរនាំនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ និងបន្តបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖