ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើ «សន្តិភាព» បានផ្តល់សំណាងអ្វីខ្លះដល់ប្រជាជាតិខ្មែរយើង?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា យុវជនកម្ពុជាបច្ចុប្បន្ននេះ មានសំណាងខ្លាំងណាស់ ដែលបាននិងកំពុងសប្បាយរីករាយជាមួយសន្ដិភាពរបស់កម្ពុជា ខណៈដែលយុវជននៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក កំពុងរងគ្រោះដោយសារសង្គ្រាម ដោយសារគ្រាប់ផ្លោង។

ក្នុងឱកាសអញ្ជើញជាអធិបតី «ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ២០២៤» ដែលប្រារព្ធនៅពហុកីឡដ្ឋានមរតកតេជោ នាល្ងាចថ្ងៃអាទិត្យទី២៩ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សំណាងដែលកម្ពុជាមាន មិនមែនកើតមានឡើងដោយចៃដន្យនោះទេ គឺកើតឡើងពីការលះបង់របស់យុវជនខ្មែរជំនាន់មុនដែលបានយកជីវិតទៅប្តូរដើម្បី ទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍដូចបច្ចុប្បន្ននេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈសុខសន្តិភាពនេះដែរ បាននាំមកនូវជោគជ័យសម្រាប់ប្រទេសកម្ពុជា ដែលបានធ្វើនាពេលកន្លងមកតាមរយៈការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រួមជាមួយនឹងកិច្ចប្រជុំថ្នាក់ជាតិ និងអន្តរជាតិជាច្រើនទៀត គឺអាចធ្វើទៅបានដោយសារតែកម្ពុជាមានសុខសន្ដិភាព និងស្ថិរភាពនៅក្នុងសង្គមជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់យុវជនយើង សូមរួមគ្នាថែរក្សាសន្ដិភាព របស់កម្ពុជា ដើម្បីរក្សាសំណាង គឺសន្ដិភាពនេះ ដល់កូនចៅខ្មែរយើងជំនាន់ក្រោយបន្តទៀត៕

ដោយ ៖ សិលា


ចែករំលែក៖