ព័ត៌មានទាន់ហេតុការណ៍៖

ថ្មម៉ាប នាំចេញពីខេត្តស្ទឹងត្រែង គឺបានផលិតកែច្នៃនៅសិប្បកម្មកែច្នៃ ក្នុងតំបន់សួយ ថូយ ខេត្តហ្វូ ជាន ប្រទេសចិន

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ស្របពេលគណៈប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង ត្រូវបានអញ្ជើញបំពេញទស្សនកិច្ចនៅឯប្រទេសចិន ខេត្ត ហ្វូ ជាន កន្លងទៅនេះ ឯកឧត្តម សរ សុពុត្រា បានអញ្ជើញដល់ សិប្បកម្មកែច្នៃមួយកន្លែង ស្ថិតនៅតំបន់សួយថូយ ដែលបាននាំយក ថ្មម៉ាប ពីខេត្តស្ទឹងត្រែង និងខេត្តកំពង់ស្ពឺ ទៅធ្វើការកែច្នែ ជាផលិតផលសម្រេចក្នុងការនាំចេញទៅលក់នៅទីផ្សារប្រទេសចិន ដែលត្រូវបានចែកចាយនៅទីក្រុងប៉េកាំង ធានជីន ជាំងស៊ូ ហ្វូជាន ស៊ីឈួន និងកន្លែងផ្សេងៗទៀត។

សិប្បកម្មកែច្នៃថ្មម៉ាបនេះ គឺជាក្រុមហ៊ុនផ្តល់សេវាកម្មដ៏ទូលំទូលាយផ្នែកវិស្វកម្ម ថ្ម ដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងប្រទេសចិន។

ការឈានទៅរកការទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយវិនិយោគិនចិន ដែលជាឱកាសសំរាប់ប្រជាពលរដ្ឋស្ទឹងត្រែង ហើយទទួលបានការអភិវឌ្ឍន៍កាន់តែរីកចម្រើនបន្ថែមទៀត ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ដែលជាគោលនយោបាយរបស់ ប្រមុខរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ តែងតែគិតគូរជានិច្ចចំពោះកិច្ចការអភិវឌ្ឍ និងទំនើបកម្ម ហើយបានដាក់ចុះនូវកិច្ចចង្អុលការ និងដាក់ទិសដៅមកកាន់អាជ្ញាធរ ដោយធ្វើយ៉ាងណាឈោងចាប់ ក៏ដូចជា សហការជាមួយអ្នកវិនិយោគក្រៅប្រទេស ដើម្បីបង្កើតការងារឱ្យបានច្រើន សំរាប់ប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តម សរ សុពុត្រា កំឡុងពេលនៃការ កាន់តំណែងជាអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង រយៈពេលជិត២០០ថ្ងៃមកនេះ គឺឈរលើស្មារតីផលប្រយោជន៍ប្រជាជននិងការអភិវឌ្ឍន៍ ហើយបានពន្លឿនការអនុវត្តសកម្មភាពការងារសំខាន់ៗមួយចំនួនធំក្នុងខេត្ត ពិសេសគឺការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ ការបង្រ្កាបបទល្មើស ការរៀបចំព្រឹត្តិការណ៍បុណ្យជាតិ អន្តរជាតិ ថ្នាក់ខេត្ត ការកែលម្អសោភ័ណភាពក្រុង ការអន្តរាគមន៍ឆ្លើយតបដោះស្រាយសំណូមពរសំណើរ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លើកកម្ពស់ការចូលរួមរបស់ប្រជាជនតាមគ្រប់រូបភាព ។

នៅក្នុងការដឹកនាំគណៈប្រតិភូ មានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត មន្ទីររ៉ែថាមពល និងមន្ទីរ បរិស្ថានខេត្ត រួមនិងមន្រ្តីពាក់ព័ន្ធ នៃដំណើរទស្សនកិច្ចសិក្សា សំដៅសម្របសម្រួលកិច្ចសហការក្នុងការអភិវឌ្ឍ និងឱកាសនៃការវិនិយោគ រវាងខេត្តស្ទឹងត្រែង(កម្ពុជា) និងខេត្ត ហ្វូ ជាន ប្រទេសចិន។

ទំនាក់ទំនងការទូត ដ៏យូរអង្វែងរវាងកម្ពុជា-ចិន ដែលបានបង្កើនចំណងមិត្តភាពទ្វេភាគីកាន់តែរឹងមាំពីមួយឆ្នាំ ទៅមួយឆ្នាំ និងបានក្លាយទៅជាមិត្តភាពដែកថែប មិនអាចកាត់ផ្តាច់បានក្នុងការរួមគ្នា កសាងវឌ្ឍនភាព វិបុលភាព និងការយល់ចិត្តយល់ថ្លើមគ្នាទៅវិញទៅមក។ កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

កិច្ចទំនាក់ទំនងរវាងក្រុមហ៊ុនចិន នៅហ្វូជាន នឹងបង្កើតបានជាទស្សនៈ វិស័យកាន់តែធំទូលំទូលាយ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយក៏នឹងចាក់បញ្ចូលថាមពលកាន់តែខ្លាំងក្លា ដល់ខេត្តស្ទឹងត្រែង ក្នុងការសម្រេចបាននូវការវិនិយោគឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ៕

ដោយ ៖ ស សម


ចែករំលែក៖