ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ លោក លាង រឿនសុធីអភិបាលក្រុងកំពត បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុងកំពត បានចុះរុះរើសំណង់ដែលមិនរៀបរយលើដីចំណីព្រែកកំពង់បាយត្រើយខាងលិច ស្ថិតក្នុងភូមិសាស្ត្រសង្កាត់អណ្ដូងខ្មែរ បន្ទាប់ពីឱសានវាទនៃសេចក្តីជូនដំណឹងបានចូលមកដល់ យោងតាមកាលកំណត់នៃលិខិតជូនដំណឹងរបស់សាលាក្រុងបានចូលមកដល់ ហើយប្រជាពលរដ្ឋជាម្ចាស់សំណាង់មានការយឺតយ៉ាវក្នុងការរុះរើ ដើម្បីទុកលទ្ធភាពជូនអាជ្ញាធរខេត្តស្ថាបនាផ្លូវ និងសួនច្បារដើម្បីបម្រើប្រយោជន៍រួម។
ប្រតិបត្តិការនេះបានប្រព្រឹត្តទៅជាធម្មតាដោយមិនមានភាពរាំងស្ទះបង្កឡើងពីជនណាម្នាក់ឡើយ។ អ្វីដែលហាក់យឺតយ៉ាវនោះដោយសារបងប្អូនប្រជាពលរដ្ឋជាម្ចាស់សំណង់ ខ្វះឧបករណ៍ក្នុងការរុះរើទើបតម្រូវឱ្យរដ្ឋបាលក្រុងយកគ្រឿងចក្រចុះរុះរើសសំណង់ជាប្រភេទបេតុង។ លោកអភិបាលរងក្រុងបានបញ្ជាក់បន្ថែមថា ប្រតិបត្តិការនេះនឹងបន្តធ្វើនៅព្រឹកថ្ងៃស្អែកទៀតទើបរួចរាល់ក្នុងចំណោមសំណង់ជាង ១០កន្លែង ចាប់ពីស្ពានឥន្ទធនូរហូតដល់ចំណតទូកទេសចរណ៍ដែលមានផ្លូវស្រាប់។ ចំណែកសំណង់ចាប់ពីស្ពានរថភ្លើងដល់ស្ពានឥន្ទធនូ រដ្ឋបាលក្រុងនឹងចាប់ផ្តើមអនុវត្តក្រោយមានសេចក្តីណែនាំពីឯកឧត្តមអភិបាលខេត្តកំពត។
គួរំលឹកដែរថា ខណ:ពេលមន្ត្រីជំនាញចុះវាស់វែងកំណត់ទីតាំងដើម្បីស្ថាបនាសមិទ្ធផលថ្មីលើដីឆ្នេរព្រែកកំពង់បាយត្រើយខាងលិច ប្រជាពលរដ្ឋបានធ្វើកិច្ចសន្យារុះរើដោយខ្លួនឯងដោយកំណត់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ ជាជំហានដំបូង រដ្ឋបាលក្រុងកំពតបានចាប់អនុវត្តពីចំណុចស្ពានឥន្ទធនូ រហូតដល់ស្ពានត្រើយកោះ ស្ថិតក្នុងទឹកដីភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ។ ជំហានបន្ទាប់ រដ្ឋបាលក្រុងនឹងអនុវត្តន៍ពីចំណុចស្ពានរថភ្លើងដល់ស្ពានឥន្ទធនូ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរបន្តទៀត។ ក្រោយពីរុះរើសំណង់រួចរាល់ រដ្ឋបាលខេត្តនឹងចាប់អនុវត្តគម្រោងកែលម្អសោភ័ណភាពដោយស្ថាបនាផ្លូវមួយខ្សែ និងរៀបច្រាំងព្រែកពីចំណុចស្ពានរថភ្លើងរហូតដល់ស្ពានត្រើយកោះ ដើម្បីបំរើឱ្យវិស័យទេសចរណ៍ និងទុកសម្រាប់ប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងខេត្ត៕
ដោយ៖ ចន្ទ លីហ្សា