សារព័ត៌មាន AFP នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា កងកម្លាំងមកពីទីក្រុងម៉ានីល ចក្រភពអង់គ្លេស កាណាដា ជប៉ុន និងសហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នារយៈពេលពីរសប្តាហ៍ នៅក្នុងដែនទឹកហ្វីលីពីននៅក្នុង «ការបង្ហាញកម្លាំង» ចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើង។
សមយុទ្ធនេះមានអ្នកចូលរួមជាង ១,៨០០នាក់ ធ្វើឡើងបន្ទាប់ពីមានវិធានការរបស់ទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន ក្នុងការរារាំងអ្នកនេសាទហ្វីលីពីនចូលទៅកាន់ដែនទឹកដែលមានជម្លោះបំផុតរបស់អាស៊ី គឺតំបន់ Scarborough Shoal ដែលគ្រប់គ្រងដោយចិននៅសមុទ្រចិនខាងត្បូង។
កងទ័ពជើងទឹកហ្វីលីពីនបានបញ្ជាក់ថា សមយុទ្ធ «Sama Sama» នៅឆ្នាំនេះ ត្រូវបានធ្វើឡើងនៅភាគខាងត្បូងកោះ Luzon ហើយសមយុទ្ធនេះ រួមមានការប្រឆាំងនាវាមុជទឹក ការការពារដែនអាកាស ការស្វែងរក និងជួយសង្គ្រោះ និងវិស័យផ្សេងៗទៀត។
មេបញ្ជាការកងទ័ពជើងទឹកហ្វីលីពីន លោក Toribio Adachi បាននិយាយនៅក្នុងពិធីបើកដូច្នេះថា «ជាមួយនឹងការបង្ហាញកម្លាំង និងការចូលរួមយ៉ាងសកម្មរបស់សម្ព័ន្ធមិត្តនិងដៃគូរបស់យើង សមយុទ្ធ «Sama-Sama» នឹងលើសពីការធ្វើសមយុទ្ធយោធាធម្មតា»។
លោកបានសង្កត់ធ្ងន់ថា «វាគឺជានិមិត្តសញ្ញានៃភាពជាដៃគូយូរអង្វែងរបស់យើង និងការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»៕
ដោយ៖ ធីរីណា(រូបថត៖ AP)