ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពកម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការ រក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសទាំងពីរ

ចែករំលែក៖

វៀងចន្ទន៍ ៖ ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងគណៈប្រតិភូ បានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ដោយមានការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសមភាគីឡាវ ឧត្ដមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ។

ក្នុងជំនួបទ្វេភាគី ថ្នាក់ដឹកនាំកងទ័ពទាំងពីរ បានលើកឡើងពីលទ្ធផលសម្រេចបានក្នុងបានអនុវត្តផែនការកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ក្នុងនោះបានផ្លាស់ប្ដូររទស្សនកិច្ច ក៏ដូចជាពិធីសារកិច្ចសហប្រតិបត្តិការ និងការរៀបចំកិច្ចប្រជុំគណៈកម្មការប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ ដើម្បីឆ្លើយតបនឹងសកម្មភាពក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

បន្ថែមលើសនេះ កងទ័ពប្រទេសទាំងពីរបានផ្ដល់អាហារូបករណ៍ឲ្យគ្នាទៅវិញទៅមក ព្រមទាំងបានផ្លាស់ប្ដូរព័ត៌មានចារកម្មទាន់ពេលវេលា រួមគ្នាបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានា ពិសេស ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការរត់ពន្ធ ការជួញដូរអាវុធ និងឧក្រិដ្ឋកម្មខុសច្បាប់ផ្សេងទៀត ដោយមានការសម្របសម្រួលតាមរយៈបណ្តាញការទូត និងគ្រប់យន្តការដែលមានស្រាប់។

ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី កងទ័ពប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការពហុភាគីផងដែរ ជាក់ស្តែងកាលពីខែកញ្ញា ឆ្នាំ២០២២ កងទ័ពឡាវបានធ្វើជាម្ចាស់ផ្ទះរៀបចំលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នា៣ប្រទេស ឡាវ-កម្ពុជា-វៀតណាម នៅរដ្ឋធានីវៀងចន្ទន៍ ប្រកបដោយភាពជោគជ័យ។ 

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់សកម្មភាពនេះ ដែលបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន និងបានប្តេជ្ញារួមគ្នាដើម្បីថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការលើកម្ពស់ជីវភាព សុខមាលភាពប្រជាជនប្រទេសទាំងពីរ ក៏ដូចជានៅក្នុងតំបន់ផងដែរ៕

ដោយ៖ ស សម


ចែករំលែក៖