ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី០៣ ខែតុលា ឆ្នាំ២០២៣នេះថា៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកមោងឫស្សី បានធ្វេីការអប់រំណែនាំយុវជនចំនួន ០២នាក់ក្នុងករណីបង្ហោះម៉ូតូក្នុងមូលដ្ឋានបង្ក ភាពអនាធិបតេយ្យក្នុងមូលដ្ឋានស្រុក ដែលអាចនឹងបង្កការគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃណាមួយជាយថាហេតុ។
លោកស្នងការខេត្ត បានឱ្យដឹងទៀតថា លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី កាលពីថ្ងៃទី០២ តុលាម្សិលមិញ បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌បានធ្វើការកោះហៅយុវជនចំនួន០២នាក់ មកអប់រំណែនាំធ្វើកិច្ចសន្យា ដោយសារពួកគេបានបង្ហោះម៉ូតូបង្កអនាធិបតេយ្យនៅលើផ្លូវបេតុងត្រង់ចំណុចក្រុមទី៥ភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
យុវជនទាំងពីរនាក់នេះរួមមាន៖១-ឈ្មោះ ពេក បញ្ញា ហៅប៉ុច ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សីខេត្ត បាត់ដំបង(អ្នកបើកម៉ូតូ)។ និង២-ឈ្មោះ ថន ដាវីត ហៅ ម៉ូវ ភេទប្រុស អាយុ១៧ ឆ្នាំរស់នៅ ភូមិពោធិ៍ ឃុំគារ ស្រុកមោងឫស្សី ខេត្ត បាត់ដំបង(អ្នកជិះពីក្រោយ)។
សូមជម្រាបជូនថាមូលហេតុដែលសមត្ថកិច្ចនគរបាលកោះហៅអ្នកទាំងពីរមកធ្វើការអប់រំណែនាំនេះគឺ កាលពីថ្ងៃទី០១ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង១៧និង០០នាទីនៅចំណុចផ្លូវបេតុង ក្នុងក្រុមទី៥ភូមិពោធិ៍១ ឃុំ គារ ស្រុកមោងឫស្សីខេត្តបាត់ដំបងយុវជនទាំងពីរនាក់ខាងលើបានជិះម៉ូតូបង្ហោះបង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋានហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចនគរបាល ដែលផ្តើមពីបញ្ហានេះទើបសមត្ថកិច្ច នគរបាលចាត់វិធានការកោះហៅមកធ្វើការសាកសួរ ដោយគេទទួលសារភាពនូវកំហុសឆ្គងដែលគេបានប្រព្រឹត្តិរួចធ្វើកំណត់ហេតុអប់រំណែនាំ ឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត និងឱ្យអាណាព្យាបាលធានាយកទៅធ្វើការអប់រំ នៅមូលដ្ឋានវិញ៕
ដោយ៖ អរុណរះ