ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ចាប់ពីពេលនេះតទៅត្រូវកាត់បន្ថយ ការដំឡើង​ឋានន្តរសក្ដិថ្នាក់នាយទាហាន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅត្រូវកាត់បន្ថយ ការដំឡើង​ឋានន្តរសក្ដិថ្នាក់នាយទាហាន ដោយត្រូវបង្កើនការជ្រើសរើសពលទាហានវិញ ដើម្បីកាត់បន្ថយការចំណាយថវិការបស់ជាតិ។

នាយករដ្ឋមន្រ្តី កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យពង្រឹងការអប់រំពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ ដើម្បីឲ្យវិស័យអប់រំកាន់តែរីកចម្រើនខ្លាំងថែមទៀត ។ 

សម្តេចធិបតី លើកទឹកចិត្តដល់តាមបណ្ដាសាលារៀន ក្រៅពីការបង្រៀនសិស្សតាមមុខវិជ្ជាគោលដែលមានស្រាប់ សាលារៀនក៏ត្រូវបង្រៀនសិស្សបន្ថែមទៀត លើការស្ម័គ្រចិត្តចូលរួមធ្វើកិច្ចការងារសង្គមផ្សេងៗបន្ថែមទៀត ដើម្បីឱ្យយុវជនចេះចូលរួមធ្វើកិច្ចការងារក្នុងសង្គមជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្ដេចបានណែនាំឱ្យលុបគម្រោងដែលមិនចាំបាច់តាមបណ្ដាក្រសួងស្ថាប័នមួយចំនួនចោល ក្នុងនោះរាជរដ្ឋាភិបាលអាចសន្សំថវិកាបានជាង ២០០ លានដុល្លារ។ ដូច្នេះសម្ដេចធិបតី ណែនាំដល់ក្រសួងស្ថាប័ននានា ត្រូវពិនិត្យ និងអនុវត្តលុបចោលចំពោះគម្រោងដែលមិនចាំបាច់នៅតាមសាមីក្រសួងរបស់ខ្លួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ ថ្ងៃ៥តុលា ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព» ដែលពិធីនេះប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ៕

ដោយ ៖ សហការី


ចែករំលែក៖