ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាបើកបរដោយក្ដីអាធ្យាស្រ័យគ្នាទៅវិញទៅមក និងគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ បណ្តាលឱ្យមនុស្ស ស្លាប់ ០៣នាក់(ស្រី ០១នាក់), របួសធ្ងន់ស្រាល ៧នាក់(ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ៦នាក់ (យប់ ០៣នាក់) ។
របាយការណ៍ដដែល បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៣នាក់(ស្រី ០១នាក់), របួសធ្ងន់ ០៥នាក់(ស្រី ០១នាក់), និងរបួសស្រាល ០២នាក់(ស្រី គ្មាន), គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ០៥លើក (យប់ ០៤លើក), មាន ៖ កត្តាល្បឿន ០២លើក (ស្លាប់ ០២នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០១នាក់), បត់/គ្រោះថ្នាក់ ០១លើក (ស្លាប់ គ្មាន) និងមិនគោរពសិទ្ធ ០១លើក។
សូមជម្រាបជូនថា យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១០ តុលានេះដែរ កម្លាំងជំនាញចរាចរណ៍ ក៏បានរកឃើញយានយន្តល្មើសចំនួន ៤៤៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ណាមួយជាយថាហេតុ និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ៕
ដោយ៖ សហការី