ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សចំនួន​ ៣នាក់​ស្លាប់​ និងរបួសធ្ងន់ស្រាល ៧នាក់​ ដោយសារ​ការបើកបរខ្វះការប្រុងប្រយ័ត្ន​ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ចែករំលែក៖

ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​បានឱ្យដឹងថា​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​បើកបរដោយក្ដី​អាធ្យាស្រ័យគ្នាទៅវិញទៅមក​ និងគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ​ បណ្តាលឱ្យមនុស្ស ស្លាប់ ០៣នាក់(ស្រី ០១នាក់), របួសធ្ងន់ស្រាល ៧នាក់(ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ៦នាក់ (យប់ ០៣នាក់) ។

របាយការណ៍ដដែល​ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៣នាក់(ស្រី ០១នាក់), របួសធ្ងន់ ០៥នាក់(ស្រី ០១នាក់),  និងរបួសស្រាល ០២នាក់(ស្រី គ្មាន),  គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ០៥លើក (យប់ ០៤លើក), មាន ៖ កត្តាល្បឿន ០២លើក (ស្លាប់ ០២នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០១នាក់), បត់/គ្រោះថ្នាក់ ០១លើក (ស្លាប់ គ្មាន) និងមិនគោរពសិទ្ធ ០១លើក។ 

សូមជម្រាបជូនថា​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា​ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១០ តុលា​នេះដែរ កម្លាំងជំនាញ​ចរាចរណ៍​ ក៏បានរកឃើញយានយន្តល្មើសចំនួន ៤៤៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា​។ 

ជាមួយគ្នានោះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៍​ ដើម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ណាមួយ​ជាយថាហេតុ​ និងការពារជីវិតរបស់លោកអ្នក​ព្រមទាំងក្រុមគ្រួសារ​៕

ដោយ​៖ សហការី​


ចែករំលែក៖