ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងឱ្យដឹងនៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះថា៖ កម្លាំងសមត្ថកិច្ចជំនាញទូទាំងប្រទេសកម្ពុជា បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៧៨គ្រឿងទៀតនាថ្ងៃនេះ ក្នុងនោះមានម៉ូតូ ៦១គ្រឿង និងរថយន្ត ១៧គ្រឿង។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន សម្រាប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៥,០២៤គ្រឿង ក្នុងនោះមានម៉ូតូ ៤,២៥៨គ្រឿង និងរថយន្តគ្រប់ប្រភេទ ៧៦៦គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក អត់បណ្ណបើកបរ និងល្មើសភ្លើង-ផ្លាកសញ្ញាជាដើម។ ដោយឡែករថយន្តរួមមាន៖ អត់បណ្ណបើកបរ ល្មើសភ្លើង-ផ្លាកសញ្ញា គ្មានភ្លើងបំភ្លឺ ល្មើសល្បឿន ឆៀក និងដឹកសំពីងសំពោងជាដើម។
ជាមួយគ្នានោះ សម្រាប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៨លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៤នាក់ របួសចំនួន ០៨នាក់ (របួសធ្ងន់ចំនួន ០៤នាក់)។ រយៈពេល ១៧ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៧៥លើក បណ្ដាលឱ្យមនុស្សស្លាប់ ៩១នាក់ របួស ២៤៦នាក់ (របួសធ្ងន់ ១៤២នាក់)។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕
ដោយ៖ សហការី