ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប៊ែលធី ភាសាអង់គ្លេសទូទៅ កម្រិត ១២ (Level 12) ជំនាន់ទី៦៤ ដល់ ៦៨ ចំនួន ១,០២២នាក់ ទទួលសញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA)

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រភាសាអង់គ្លេសប៊ែលធី ជូនដល់សិស្សថ្នាក់ភាសាអង់គ្លេសទូទៅ កម្រិត១២ (Level 12) ជំនាន់ទី៦៤ ដល់ទី៦៨ ដែលបានប្រឡងជាប់សញ្ញាបត្រ ភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) ចំនួន ១,០២២នាក់ ក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ ដែលបាន ប្រព្រឹត្តទៅនៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទី២ (ស្ពានអាកាសចោមចៅ)។

លោក ចាន់ ទីតា ប្រធានការិយាល័យភាសាអង់គ្លេសទូទៅបានឱ្យដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ២៨សាខា (២៦សាខា កំពុងដំណើរការ និង២សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៤៤៦នាក់ (នារី១,០០៨នាក់) និងមានសិស្សកំពុងសិក្សាចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់) ព្រមទាំងមានកម្មវិធីសិក្សាធំៗ ៥ និង បានបញ្ជូលកម្មវិធីសិក្សា បន្ថែមចំនួន១២ លើកម្មវិធីដែលមានស្រាប់ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ។

គិតត្រឹមឆ្នាំ២០២៣នេះ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ភាសាអង់គ្លេសទូទៅ កម្រិត ១២ (Level 12) ដែលបាន ប្រឡងបញ្ចប់សញ្ញាបត្រភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) ចំនួន ១៣,២៧១នាក់។ ក្នុងនោះ សិស្ស ដែលប្រឡងបានពិន្ទុអាយអែល (IELTS) 5.0 ឡើងទៅ ចំនួន ៩,២៩០នាក់ ស្មើនឹង ៧០% ដែលនឹងទទួលបានសញ្ញាបត្រ ចំនួនពីរគឺ៖ ១-ចេញដោយសាលា ប៊ែលធី អន្តរជាតិ និង ២-ចេញដោយក្រុមប្រឹក្សាភាសាអង់គ្លេស នៃចក្រភពអង់គ្លេស (BRITISH COUNCIL) ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវេបសាយរបស់ប៊ែលធី ដើម្បី ទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។

ទន្ទឹមគ្នានេះ តំណាងសិស្សឆ្នើម ៤រូប ដែលទទួលបានពិន្ទុអាយអែល (IELTS) ខ្ពស់ ៨.0 និង ៧.៥ បានចែករំលែកបទ ពិសោធន៍ជោគជ័យដែលមានកត្តារួមផ្សំសំខាន់ៗ៤គឺ ១-កត្តាខ្លួនឯង៖ ត្រូវខិតខំសិក្សារៀនសូត្រ និងមានគោលដៅ, ២-កត្តា គ្រួសារ៖ មាតាបិតាផ្តល់ឱកាសសិក្សា និងជំរុញលើកទឹកចិត្តបុត្រធីតា, ៣-កត្តាសាលា៖ មានកម្មវិធីសិក្សាល្អៗ កម្មវិធីសិក្សា បន្ថែមទាំង១២ គ្រូមានសមត្ថភាព បទពិសោធន៍ និងគរុកោសល្យ ព្រមទាំងមាន BELTEI App ជាជំនួយស្មារតីក្នុងការ សិក្សា និង ៤-កត្តាសង្គម៖ ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា និងមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ដែលធ្វើឱ្យសិស្សមានឱកាសបានរៀនសូត្រខ្ជាប់ខ្ជួនទៅតាម កម្មវិធីសិក្សារបស់ក្រសួង និងសាលាបានដាក់ចុះ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្ត ទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ និង ស្តាប់គ្រូពន្យល់ ក៏ដូចជាគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យក្នុងការប្រឡងបញ្ចប់វគ្គ និងទទួលបានសញ្ញាបត្រ ភាសាអង់គ្លេសប៊ែលធី (BELTEI ESL DIPLOMA) នាពេលនេះ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗ ទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់លើការរៀនសូត្របន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនក្នុងការ ចាប់យកអាជីពទៅថ្ងៃអនាគត និងប្រកួតប្រជែងដណ្តើមទីផ្សារការងារ ជាមួយបណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាន និងពិភពលោកជា ពិសេសដើរ ឱ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យា សម័យបដិវត្តឧស្សាហកម្ម៤.០។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត និង លោកជំទាវ បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្ស ជ័យលាភីទាំង ១,០២២នាក់ នាពេលនោះផងដែរ៕

ដោយ៖ ជីណា

 


ចែករំលែក៖