ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមដើរជីកផ្នូរខ្មោចបុរាណរកឡតលក់ចំនួន០៥នាក់ត្រូវនគរបាលចាប់ឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកបានឃាត់ខ្លួនជនសង្ស័យ៥នាក់ដែលដើររុករកជីកផ្នូរដើម្បីរកឡតបុរាណដោយប្រើប្រាស់ថ្នាំញៀន នៅវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចខ្ទមដឺអាតុលចម្ងាយ៥.០០០ម៉ែត្រខាងលិចភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឱ្យដឹងថាៈក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកនៅត្រង់ចំណុចខ្ទមដឺអាតុលខាងលិចភូមិដូនណូយ ឃុំទ្រាសថាមានមនុស្សចេញចូលជាប្រចាំ(សង្ស័យប្រើប្រាស់ថ្នាំញៀន) លោកបានចាត់តាំងកម្លាំងចំណុះ អធិការដ្ឋាននគរបាលស្វាយចេក  កម្លាំងនគរបាលប៉ុស្តិ៍រលួស  កម្លាំងនគរបាលប៉ុស្តិ៍ស្វាយចេក និងនគរបាលប៉ុស្តិ៍ទ្រាស ចុះល្បាតនៅត្រង់ចំណុចគោលដៅដែលប្រជាជនរាយការណ៍ក៏បានឃើញមនុស្សមួយក្រុមដែលជាក្រុមដើរជីកផ្នូខ្មោចបុរាណរកឡតមកលក់មានគ្នា០៥នាក់កំពុងប្រើប្រាស់គ្រឿងញៀន(ជក់ថ្នាំ)ក៏ឃាត់ខ្លួនតែម្តង ។

    លោកអធិការបានបញ្ជាក់ថា៖ជនសង្ស័យត្រូវបានឃាត់ខ្លួន១-ឈ្មោះ សូត្រ សំអៀត ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិពន្សាយត្បូង ឃុំស្វាយចេក ស្រុកស្វាយចេក ។  ២- ឈ្មោះ ទី ណៃ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិពន្លៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក ។ ៣-ឈ្មោះ ថន សឿន ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក។៤-ឈ្មោះ អិម ឈៀត ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិដូនណូយ ឃុំទ្រាស ស្រុកស្វាយចេក ។ ៥-ឈ្មោះ លី វីឆាត ភេទប្រុស អាយុ៣៨ឆ្នាំ នៅតាអុងកើត ឃុំរលួស ស្រុកស្វាយចេក ។ ជាមួយនឹងការឃាត់ខ្លួននេះកម្លាំងនគរបាលរកឃើញមានម្សៅក្រាមពណ៌សថ្លា សង្ស័យថ្នាំញៀនចំនួន០៥កូនថង់, ដបកែច្នៃសម្រាប់ជក់០១, ដែកកេះ០១ដើម, បំពង់កែវសម្រាប់ជក់០១ដើមនិងថង់សម្រាប់ច្រកថ្នាំមួយចំនួន ។ ជនសង្ស័យនិងវត្ថុតាងកម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ វណ្ណា


ចែករំលែក៖